(ភ្នំពេញ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថា ខេត្តឧត្តរមានជ័យ ជាខេត្តមានអំណោយផលលើវិស័យកសិកម្ម ដែលក្នុងមួយឆ្នាំៗ ខេត្តនេះផលិតដំណាំកសិឧស្សាហកម្ម ដែលមានសក្តានុពលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ បានប្រមាណជាង ២លានតោន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តឧត្តរមានជ័យ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការងារដីដាំដុះដំណាំស្រូវ សម្រេចបានលើផ្ទៃដីចំនួន ៩៥ ០០០ហិកតា ទទួលបានបរិមាណផល ២៦២ ៦៩០តោន ដោយមានអត្រាកំណើនជាមធ្យម ៨.១២%ក្នុងមួយឆ្នាំ ក្នុងនោះមានអតិរេកស្រូវ ១៦៩ ៣៨០តោនក្នុងឆ្នាំ២០២២កន្លងមក ដែលមានអត្រាកំណើនជាមធ្យមនៃអតិរេកស្រូវមានចំនួន ១១.៣៤%ក្នុងមួយឆ្នាំ។
លោកបន្តថា ក្រៅពីស្រូវជាដំណាំយុទ្ធសាស្រ្ត ដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតក៏មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះដំណាំដំឡូងមីសម្រេចបានលើផ្ទៃដី ៧០ ៨៦០ហិកតា កើនឡើងប្រមាណ ២១.០៦% ដោយទទួលបានបរិមាណផលសរុបចំនួន ១ ៤៣៣ ៥២២តោន, ដំណាំស្វាយចន្ទីសម្រេចបានលើផ្ទៃដី ១៨ ៣៨២ហិកតា កើនឡើងប្រមាណ ១០៥.៤០% ដោយទទួលបានបរិមាណផលសរុប ១៤ ៦០០តោន មានអត្រាកំណើនជាមធ្យម ២២.៥៩% ក្នុងមួយឆ្នាំ, ដំណាំស្វាយកែវរមៀតសម្រេចបានលើផ្ទៃដី ១៣ ៥១៥ហិកតា កើនឡើងប្រមាណ ៧៤.២៩% ដោយទទួលបានបរិមាណផលសរុប ២៨៣ ២៥០តោន មានអត្រាកំណើនជាមធ្យម ២៨.៤០% ក្នុងមួយឆ្នាំ, ដំណាំកៅស៊ូ សម្រេចបានលើផ្ទៃដី ១៥ ១៥៣ហិកតា ដោយទទួលបានបរិមាណផលសរុប ៨ ៧៥០តោន មានអត្រាកំណើនជាមធ្យម ៣៦.៣៨%ក្នុងមួយឆ្នាំ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការលើកកម្ពស់ក្នុងវិស័យកសិកម្មនេះ យើងបានរៀបចំចងក្រងជាបណ្តុំអាជីវកម្មដំណាំនានា ដូចជាបណ្តុំដំឡូងមី ត្រសក់ផ្អែម ឪឡឹកលឿង ស្វាយកែវរមៀត បន្លែ និងស្រូវជាដើម ដែលបច្ចុប្បន្នកំពុងឈានមុខក្នុងការដាំដុះ និងផ្គត់ផ្អង់លើផលិតផលឪឡឹកលឿង ឪឡឹកទឹកក្រូច និងត្រសក់ផ្អែម (មីឡុង) រួមនឹងចេកអំបូងលឿងដែលបានដាំដុះលើផ្ទៃដីសរុបប្រមាណ ៨ ០៤៦ហិកតាក្នុងទូទាំងខេត្ត និងកំពុងប្រមូលផលជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គតទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស។ ក្នុងនោះផងដែរ យើងក៏បានរៀបចំ និងចងក្រងផលិតកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុន និងឈ្មួញប្រមូលទិញក្នុងខេត្ត-ក្រៅខេត្ត ដើម្បីចុះកិច្ចសន្យាផ្ទាល់ ក្នុងការប្រមូលទិញផលិតផលកសិកម្ម ក្នុងតម្លៃមួយសមរម្យ ដោយមានការឯកភាពគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ»។
លោកកត់សម្គាល់ថា បច្ចុប្បន្ននេះ តម្លៃកសិផលបានកើនឡើង ជាពិសេសដំឡូងមី និងស្វាយ ដែលបានធ្វើឱ្យជីវភាពកសិករ កាន់តែល្អប្រសើរ។
លោកបានថ្លែងបន្តថា ជាយន្តការគាំទ្រលើវិស័យកសិកម្មនេះ ប្រព័ន្ធធារាសាស្ត្រ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការគាំទ្រវិស័យកសិកម្ម។ បច្ចុប្បន្ននេះ ខេត្តឧត្ដរមានជ័យ ទទួលបានប្រព័ន្ធធារាសាស្ត្រធំៗចំនួន២ គឺទំនប់ស្ទឹងស្រែងមួយ និងស្ទឹងស្រែងពីរ ដែលអាចស្តុកទឹកបានប្រមាណជាង ២១១លានម៉ែត្រគូប និងមានវិសាលភាពអាចគ្របដណ្ដប់បានចំនួន ២ខេត្តផ្សេងទៀត គឺខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ហើយក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទាំងពីរ យើងក៏មានអាងស្តុកទឹក និងទំនប់ស្ទាក់ទឹកជាច្រើនត្រូវបានសាងសង់រាយប៉ាយ តាមបណ្ដាភូមិ ឃុំ ក្រុង ស្រុកនានានៅក្នុងខេត្តផងដែរ៕