(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធនាគមាសលើកទី៥ រួមគ្នាចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។

នេះជាការថ្លែងរបស់ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។ លោកបានឲ្យដឹងថា កងទ័ពកម្ពុជា៥៨៣នាក់ រួមជាមួយកងទ័ពចិនមានចំនួន ២៥៧នាក់ នឹងធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថានាគមាស២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ការធ្វើនេះគឺជាការ គ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កងទ័ពទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធនេះនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ បានបន្តថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕