(បាសេឡូណា)៖ តារាបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីន Lionel Messi រួមជាមួយឪពុកបង្កើតរបស់គេលោក Jorg Messi បានបដិសេធ និងត្រៀមប្តឹងវាយបកចំពោះតុលាការនៅទីក្រុង Barcelona ដែលបានកាត់ក្តីឲ្យពួកគេទាំងពីរ ជាប់ពន្ធនាគារចំនួន២១ខែដូចគ្នា នេះបើយោងតាមមេធាវីការពារក្តីរបស់ Messi ថ្លែងប្រាប់ BBC។
តែយ៉ាងណាក៏ដោយ ដោយស្ថិតក្នុងប្រព័ន្ធច្បាប់នៃប្រទេសអេស្ប៉ាញ ការជាប់ពន្ធនាគារក្រោម២ឆ្នាំ ត្រូវបានព្យួរ និងតម្រូវឲ្យកីឡាករវ័យ២៩ឆ្នាំ របស់ក្លឹប FC Barcelona និងឪពុករបស់គេ បង់ប្រាក់ ២,២លានដុល្លារ ដើម្បីនៅក្រៅឃុំ និងទុកឱកាសប្តឹងជំទាស់បន្តទៀត ពីបទកេងបន្លំប្រាក់បង់ពន្ធជូនប្រទេសអេស្ប៉ាញ នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៩ ក្នុងនាមជាកីឡាករដែលមកប្រកប អាជីពក្នុងប្រទេសមួយនេះ។
សូមរំលឹកផងដែរថា ករណីបន្លំប្រាក់បង់ពន្ធ (tax fraud) របស់ Messi ត្រូវបានគេរកឃើញដំបូង តាំងពីដើមឆ្នាំ២០១៥ ក្រោយពីសង្ស័យចាប់តាំងពីចុងឆ្នាំ២០១២មក ហើយតុលាការប្រទេសអេស្ប៉ាញ ក៏បានធ្វើការកោះហៅ Messi ចូលបំភ្លឺ៣ដងមកហើយដែរ ជុំវិញការប្រើប្រាស់គណនីក្លែងក្លាយដល់ទៅ៣ ក្នុងការបន្លំបង់ពន្ធ ចំពោះប្រាក់ចំណូលដែលបាន ពីការលក់សិទ្ធិរូបភាពទៅឲ្យក្រុមហ៊ុន Balize និងប្រទេសអ៊ុយរ៉ាហ្គាយនោះ។
មេធាវី Messi បានបញ្ជាក់យ៉ាងខ្លី ក្រោយបិទសវនការល្ងាចម្សិលមិញថា ការកាត់ក្តីនេះ មិនយុត្តិធម៌នោះទេ ហើយពួកយើងមានសិទ្ធិក្នុងការប្តឹងជំទាស់ ដើម្បីការពារនូវភាពស្អាតស្អំរបស់ពួកយើង។
ស្របគ្នានោះដែរ ក្លឹបបាល់ទាត់ Barcelona ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រ Messi និងឪពុករបស់គេដែរ ថាគ្មានផ្លូវ Messi ធ្វើរឿងបែបនេះឡើយ និងបានដើរលើផ្លូវត្រឹមត្រូវ ចាប់តាំងពីបានមករស់នៅក្នុងប្រទេសអេស្ប៉ាញ ពីឆ្នាំ១៩៩៥ មក ក្នុងនាមជាកីឡាករយុវជនក្នុងក្លឹប Barcelona៕