(លីយ៉ុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រមុនគេហើយក្នុង Euro 2016 នៅបារាំង បន្ទាប់ពីបំបាក់វ៉េល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនេះ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Stade des Lumieres ស្ថិតក្នុងទីក្រុង Lyon ព័រទុយហ្គាល់ មិនអាចធ្វើអ្វីវ៉េលបានទេ ត្រឹមរក្សាលទ្ធផលស្មើ ០-០ ខណៈដែលក្រុមនាគសមុទ្រ មានឱកាសជាង តែធ្វើមិនបានសម្រេចក្នុងរយៈពេល ៤៥នាទីវគ្គទី១។

តែយ៉ាងណាក៏ដោយ សម្រាប់ក្រុមដែលឡើងមកដល់វគ្គពាក់កណ្តាល​ ផ្តាច់ព្រ័ត្រទាំងត្រដាបត្រដួស និងមិនដែលឈ្នះនាទីពេញម៉ោង៩០នាទី បានបំបែកកំណត់ត្រាជាថ្មី តាមរយៈកីឡាករប្រធានក្រុម Cristiano Ronaldo តែតបញ្ចូលទីគ្រាប់នាំមុខនៅនាទីទី៥០ ដែលជាគ្រាប់ទី៣ របស់គេក្នុង Euro 2016 នេះ មុនពេលមិត្តរួមក្រុម Nani បន្ថែមគ្រាប់ទី២ ត្រឹម៣នាទីបន្ទាប់ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៥៦០០០នាក់។

នេះជាលើកទី២ហើយ សម្រាប់ព័រទុយហ្គាល់ដែលបានឡើងទៅ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ដោយមិនធ្លាប់ឈ្នះជើងឯក បានត្រឹមតែរងជើងឯកម្តង កាលពីឆ្នាំ២០០៤ ក្នុងទឹកដីរបស់ខ្លួន ក្រោយចាញ់ក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ព័រទុយហ្គាល់ ត្រូវរង់ចាំការជួបប្រកួតរវាងក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ប៉ះម្ចាស់ផ្ទះមាន់គកបារាំង ម៉ោង ២រំលងអាធ្រាត្រយប់នេះសិន បញ្ចប់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅទីក្រុង Marseille មុនពេលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅទីក្រុងប៉ារីស ដោយពុំមានទាត់យកចំណាត់ថ្នាក់លេខ៣ ឡើយ៕