(សៀមរាប)៖ កាលពីថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២៣ ក្រោមការដឹកនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្សនិស្សិតក្រីក្រ អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម ត) លោក លាង សំណាត់ ប្រធានក្រុមការងារសិស្ស និស្សិត (អ ម ត)កំពត តាកែវ និងក្រុមការងារ បានដឹកនាំនិស្សិតអាហារូបករណ៍ (អ ម ត) កំពត តាកែវ សរុបប្រមាណ២៥០នាក់ ធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីចូលរួមអបអរសាទរទិវាបុណ្យសិទ្ធិនារី ៨ មីនា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោក លាង សំណាត់ បានដឹកនាំនិស្សិតចូលទៅទស្សនានៅវិមានឈ្នះឈ្នះ ដើម្បីអោយក្រុមការងារ និងនិស្សិតទាំងអស់បានស្វែងយល់ពីសារសំខាន់នៃ (សន្តិភាព) ការបញ្ចាប់សង្គ្រាមស៊ីវិលរយះពេលជិត ៥០០ឆ្នាំនៅប្រទេសកម្ពុជា ការកសាងប៉ូលសេដ្ឋកិច្ច ការរៀបចំទីក្រុងឆ្លាតវៃ គុណតម្លៃនៃនយោបាយឈ្នះឈ្នះ តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្ត ស្ថាបត្យកម្មសំណង់វិមានឈ្នះឈ្នះ កីឡាដ្ឋាន មរតកតេជោការអភិវឌ្ឍភូមិធម្មជាតិ និងបទពិសោធន៍ល្អលើការគ្រប់គ្រងនិងពង្រឹងសាមគ្គីភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិភូ និងនិស្សិត អ.ម.ត កំពត តាកែវ និងសៀមរាប បានជួបជុំគ្នាជិះកង់ សន្តិភាព ទស្សនាជុំវិញប្រាសាទអង្គរវត្ត និងប្រាសាទនានា ដែលជាបេតិកភណ្ឌជាតិ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល គួរជាទីមោទន:។

នារសៀលថ្ងៃដដែល ក្រុមប្រតិភូ អ.ម.ត បាននាំយកថវិការលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុនី ចំនួន ៣០ ០០០ ០០០ (សាមសិបលានរៀល )ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបាននាំយកនូវមតិផ្តាំផ្ញើរ សួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកប្រធានមន្ទីរពេទ្យកុមារអង្គរ និងជូនពរអោយលោកប្រធាន និងសហការី នៃមន្ទីរពេទ្យកុមារអង្គរមានសុខភាពល្អ ដើម្បីបន្តបេសកកម្មដ៏មានសារប្រយោជន៍ជួយព្យាបាលកុមារទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ។

នៅរាត្រីនោះដែរ ក្រុមប្រតិភូ អ.ម.ត បានជួបជុំគ្នាទទួលទានអាហារសាមគ្គីក្រោមម្លប់សន្តិភាព ក្នុងបរិយាកាសដ៏រីករាយក្រៃលែង៕