(ភ្នំពេញ)៖ លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឲ្យដឹងថា ដើម្បីបំពេញតាមកំណើនតម្រូវការនៅក្នុងប្រទេសកម្ពុជា ចំពោះសេវាធានារ៉ាប់រងអាយុជីវិតក្រុមហ៊ុននឹងធ្វើការសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយទៀត ហៅថា easylife ដែលមានភាពសាមញ្ញ ងាយស្រួល តំលៃសមរម្យ ក៏ដូចជាផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងភាពស្ងប់ចិត្ត សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ។
លោកបន្ដថា ជាមួយនឹងតម្លៃបុព្វលាភរ៉ាប់រងសមរម្យ និងបែបបទស្នើសុំមានភាពងាយស្រួលសម្រាប់អតិថិជន ផលិតផលធានារ៉ាប់រងអាយុជីវិត easylife នឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ របស់ពួកគាត់សម្រាប់ពេលអនាគត ក៏ដូចជាការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ពួកគាត់ ក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព អចិន្ត្រៃយ៍ កើតឡើង។
លោកបន្ថែមថា «ខណៈពេលដែលអាជីវកម្មរបស់យើង បានរីកលូតលាស់នៅទូទាំងកម្ពុជា យើងបានស្វែងយល់ពីបុគ្គលិករបស់យើងផ្ទាល់ ក៏ដូចជាពីដៃគូរបស់យើង គឺធនាគារអេស៊ីលីដា ថា នៅពេលដែលប្រជាជនយល់ដឹងកាន់តែច្រើន អំពីសេវាធានារ៉ាប់រងអាយុជីវិត ពួកគាត់មានបំណងចង់ទទួលបានការការពារ និងផលប្រយោជន៍ពីសេវានេះកាន់តែច្រើនឡើងដែរ ម្យ៉ាងទៀត ជាមួយគម្រោង easylife ជាវិធីដែលយើងធានាថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើង មានឱកាសទទួលបានអត្ថប្រយោជន៍ការពារ និងភាពស្ងប់ចិត្តពីប័ណ្ណសន្យារ៉ាប់រង ដែលមានលក្ខណៈសាមញ្ញ ងាយស្រួល និងមានតំលៃសមរម្យ»។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានផ្តល់ជូនកញ្ចប់ចំនួនបី សម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិត easylife គឺ«កញ្ចប់មធ្យម» «កញ្ចប់បង្គួរ» និង«កញ្ចប់ល្អ» ដោយក្នុង កញ្ចប់មធ្យមក្នុងករណីជួបគ្រោះអកុសលដែលបណ្តាលឲ្យទទួលមរណៈភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ទឹកប្រាក់សំណងអាចទទួលបានគឺរហូតដល់ ៦ពាន់ដុល្លារអាមេរិក សម្រាប់កញ្ចប់នេះ បុព្វលាភរ៉ាប់រង គឺមានតម្លៃត្រឹមតែ ១៤១.៧៥ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលអាចស្នើសុំទិញបានដោយអតិថិជនអាយុចាប់ពី១៨ ទៅ៣៥ឆ្នាំ។សម្រាប់កញ្ចប់បង្គួរការបង់បុព្វលាភរ៉ាប់រង សម្រាប់ក្រុមអតិថិជនដែលមានអាយុដូចគ្នាខាងលើ គឺស្មើនឹង ២១០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលអាចទទួលបានសំណងរហូតដល់ ៩ពាន់ដុល្លារអាមេរិក។ ចំណែកឯ កញ្ចប់ល្អ វិញ ការបង់បុព្វលាភរ៉ាប់រង គឺមានតម្លៃ២៦២.៥០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយសំណងដែលអាចទទួលបានគឺរហូតដល់ ១ម៉ឺន២ពាន់ដុល្លារអាមេរិក។
រាល់គម្រោង easylife ទាំងអស់ មានរយៈពេលកំណត់១៥ឆ្នាំ និងមានលក្ខណៈពិសេសមួយ គឺធានាផ្តល់ជូនអត្ថប្រយោជន៍ ពេលមិនមានការទាមទារសំណង នៅកាលបរិចេ្ឆទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង។ លក្ខណៈពិសេសនេះមានន័យថា ក្រុមហ៊ុនធានាផ្តល់ជូនទឹកប្រាក់ជាក់លាក់មួយចំនួន ប្រសិនបើដល់រយៈពេលកំណត់ហើយ ពុំមានការទាមទារសំណង ណាមួយចំពោះបណ្ណសន្យារ៉ាប់រង ទេនោះ។
ទន្ទឹមនឹងនោះ បូកបន្ថែមពីលើតម្លៃបុព្វលាភរ៉ាប់រងសមរម្យ និងសំណងធានារ៉ាប់រងរហូតដល់ ១ម៉ឺន២ពាន់ដុល្លារអាមេរិកនោះ លក្ខណៈពិសេសដ៏ទាក់ទាញមួយទៀតរបស់ផលិតផល easylife គឺភាពងាយស្រួលនៃការដាក់ពាក្យសុំ ក្នុងការទិញផលិតផលធានារ៉ាប់រងអាយុជីវិតនេះ។ ដូច្នេះ សម្រាប់អតិថិជនដែលមានបំណង ចង់ទិញផលិតផល easylife គ្រាន់តែត្រូវបំពេញសំណុំបែបបទខ្លីមួយ និងដាក់សំណើរទៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយក្រុមហ៊ុននឹងចាត់ចែងលើសំណើរនោះ ឲ្យបានរួចរាល់ក្នុងរយៈពេលតែ២-៣ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ពិសេសជាងនេះទៅទៀត ខុសពីផលិតផល ធានារ៉ាប់រងអាយុជីវិតផ្សេងៗ ដែលអតិថិជនដាក់ពាក្យសុំទិញគម្រោង easylife មិនចាំបាច់តម្រូវឱ្យពិបាក ធ្វើការពិនិត្យសុខភាពឡើយ ។
លោក Pankaj Banerjee បានមានប្រសាសន៍បន្ថែមទៀតថា «យើងបានធ្វើការងារយ៉ាងស្វិតស្វាញ ដើម្បីរៀបចំរចនាសម្ព័ន្ធកញ្ចប់ easylife ឲ្យមានភាពងាយស្រួល ហើយអតិថិជននឹងទទួលបានផលប្រយោជន៍ដែលធានាផ្តល់ជូន ដោយគ្រាន់តែចំណាយថ្លៃបុព្វលាភរ៉ាប់រងទាបបំផុត ប្រមាណតិចជាងមួយដុល្លារតែប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលនេះជាការរួមចំណែកមួយទៀតក្នុងចក្ខុវិស័យរបស់យើង សំដៅបំពេញតម្រូវការនៃការការពារ និងសន្សំប្រាក់ របស់ប្រជាជនកម្ពុជាកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដោយបង្កើតផលិតផលប្រកបដោយភាពឆ្លាតវៃ ងាយស្រួល និងមានតំលៃសមរម្យ ព្រមទាំងចូលរួមគាំទ្រដោយសេវាបម្រើអតិថិជនប្រកបដោយគុណភាព និងបច្ចេកវិទ្យាទំនើប» ៕