(ប៉ៃលិន)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានចុះជួយភ្លាមៗប្រជាពលរដ្ឋរងគ្រោះដោយសារផ្ទុះគ្រាប់មីនស្មាច់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈជនរងគ្រោះបានបញ្ជូនមកដល់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិការបស់លោកស្រី បាន ស្រីមុំ អ៉ីឈាន អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ទៅផ្តល់ជូនគ្រួសារជនរងគ្រោះ ដែលបានរងគ្រោះថ្នាក់ដោយជាន់មីនស្មាច់ នាថ្ងៃនេះនៅវេលាម៉ោង១២៖៤០នាទី នៅចំណុចភ្នំរាំង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ដោយដាច់ជើងខាងឆ្វេង។
ក្នុងឱកាសនោះក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ដោយលោក និងលោកស្រី មានការសោកស្តាយ ជាខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយលោក និងលោកស្រី សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឲ្យជនរងគ្រោះ ឆាប់ជាសះស្បើយពីជំងឺផងដែរ ។
អំណោយផ្តល់ជូននាពេលនេះរួមមាន មី ២កេស ត្រីខ ២ឡូ ទឹកដោះគោឆៅ ២ឡូ និងថវិកា១លានរៀល នេះគ្រាន់តែជាអំណោយសង្គ្រោះបឋមភ្លាមៗ ក្នុងនាមលោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី អ្នកតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាមណ្ឌលប៉ៃលិនប៉ុណ្ណោះ និងបន្តជួយជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ភុំ ភួង ភេទប្រុស អាយុ១៩ឆ្នាំ បានរងគ្រោះថ្នាក់ដោយសារគ្រាប់មីនស្មាច់ ដែលបន្សល់ពីសង្រ្គាម ខណៈពេលជនរងគ្រោះដើរមើលឃ្វាលគោ នៅចំណុចកើតហេតុខាងលើ៕