(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងប្រើប្រាស់ថវិកាសាងសង់ប្រមាណ ២៦.៤២លានដុល្លារអាមេរិក បានសម្រេចការសាងសង់ប្រមាណ ៨២.៣០ភាគរយហើយ តាមផែកការគម្រោងគ្រោងនឹងបញ្ចប់ការសាងសង់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូចនេះ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ទាក់ទងនឹងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា « សូមជម្រាបថា គិតមកដល់ពេលនេះខែមីនានេះ គាត់ធ្វើបានជាង៨២% ហើយការគ្រោងទុកនឹងបញ្ចប់នៅតែឧសភា (នេះជាការអះអាងរបស់ក្រុមហ៊ុនសាងសង់) ប៉ុន្តែយើងមកមើលឃើញផ្ទាល់ភ្នែកហើយ យើងយល់ឃើញថា ខែឧសភាក៏ប្រហែលជាមិនហើយដែរ ទោះជាមានថវិកាគ្រប់គ្រាន់ ក៏យើងខ្ញុំយល់ឃើញថាមិនហើយដែរ»។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ដោយតែមានបញ្ហាជំងឺកូវីដ១៩ គម្រោងនេះត្រូវបានពន្យារពេល២លើករួចមកហើយ លើកទី១-ជាង១០០ថ្ងៃ លើកទី២ជាង ២០០ថ្ងៃ ឥឡូវបើចង់ឱ្យពន្យារ ៣-៤ថ្ងៃថែមទៀត យើងអាចពន្យារពេលឱ្យបាន ប៉ុន្តែវាអាស្រ័យលើកិច្ចសន្យាដែរ បើហួសរយៈពេលកំណត់ណាមួយ គឺដល់ពេលត្រូវផាកពិន័យហើយ តែឥឡូវយើងបានឯកភាពជូនគាត់ដល់ខែ៥ ចាំមើលទៀតថាខែ៥នេះ ហើយបានប៉ុន្មានភាគរយទៀត។

ជាមួយនឹងភាពយឺតយ៉ាវនៃការសាងសង់ដោយសារតែថវិកាមិនទាន់បានទម្លាក់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនសាងសង់នេះ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ក្រសួងនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីជំរុញពន្លឿននិតិវិធីក្នុងការទំលាក់ថវិកាឱ្យក្រុមហ៊ុនសាងសង់ឱ្យបានលឿន ដើម្បីអាចបញ្ជប់គម្រោងនេះឱ្យទាន់តាមផែនការដែលនឹងត្រូវបញ្ជប់ក្នុងខែឧសភាខាងមុខនេះផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គោលបំណងធំនៃកសាងស្ពានស្ទឹងបត់-បានណងអៀន ដើម្បីបញ្ជៀសការកកស្ទះចររាចរណ៍នៅប៉ោយប៉ែត ដោយរថយន្តដឹកទំនិញទាំងអស់ គឺត្រូវឱ្យឆ្លងកាត់លើផ្លូវស្ពាននេះ ហើយសម្រាប់ភ្ញៀវទេសចរណ៍ គឺនៅតែបន្តឱ្យតាមច្រកប៉ោយប៉ែតដដែលផងដែរ។

សូមបញ្ជាក់ដែរថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។ បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះផងដែរ៕