ប្រធានអង្គការសង្គមស៉ីវិល ដើម្បីការអភិវឌ្ឍ ផ្តាំទៅ អាឡិច «បើស្រឡាញ់ខ្មែរពិត ឈប់យករូបភាពការពារបរិស្ថាន ធ្វើជានយោបាយ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា» (Video inside)
20-03-2023 18:13
(ភ្នំពេញ)៖ លោក វ៉ែន ឧត្តម ប្រធានអង្គការសង្គមស៉ីវិល ដើម្បីការអភិវឌ្ឍ ដែលជាសកម្មជនបរិស្ថាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញវីដេអូខ្លីមួយ ឆ្លើយតបទៅលោក អាឡិច និងលោក សាន់ម៉ាឡា ដែលបានសម្ភាសជាមួយនៅសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
លោក វ៉ែន ឧត្តម បានចាត់ទុកបទសម្ភាសទាំងអស់ របស់លោក អាឡិច និងលោក សាន់ម៉ាឡា គឺជាព័ត៌មានមិនពិតទេ។
លោកលើកឡើងថា ក្នុងបទសម្ភាសមានការលើកថា មានយុវជនប្រមាណជាង ៥ភាគរយប៉ុណ្ណោះ បានចូលរួមក្នុងអង្គការសង្គមស៉ីវិល ជាមួយរាជរដ្ឋាភិបាល គឺមិនពិត ព្រោះបើតាមស្ថិតិដែលលោកទទួលបាន យុវជនដែលចូលរួមជាមួយរាជរដ្ឋាភិបាល មានមិនក្រោមពីជាង ៣០ស្ថាប័ននោះទេ។
ជាមួយគ្នានេះ ប្រធានអង្គការសង្គមស៉ីវិល ដើម្បីការអភិវឌ្ឍរួមនេះ បានផ្តាំទៅលោក អាឡិច ថា បើស្រឡាញ់ខ្មែរពិត ត្រូវបញ្ឈប់ការយករូបភាពការពារបរិស្ថាន ធ្វើជានយោបាយ វាយប្រហាររាជរដ្ឋាភិបាលកម្ពុជាទៀតទៅ។
លោក វ៉ែន ឧត្តម បានថ្លែងថា «ខ្ញុំបាទផ្ទាល់សូមអរគុណដល់លោក អាឡិច ដែលស្រឡាញ់ជាតិខ្មែរ ប៉ុន្តែខ្ញុំសុំឲ្យការស្រឡាញ់របស់ អាឡិច ឲ្យក្លាយជាការស្រឡាញ់ពិតចេញពីបេះដូង មិនមែនដោយការស្រឡាញ់ដោយគ្រាន់តែរូបភាពនយោបាយ ដើម្បីវាយប្រហាររដ្ឋាភិបាលទេ ព្រោះរាល់អ្វីដែលោក អាឡិច លើកឡើង គឺជារឿងមិនពិតទេ»។
លោកក៏សំណូមពរដល់ អាឡិច បញ្ឈប់ការរិះគន់ទៅលើរដ្ឋាភិបាល ដោយយករូបភាពការពារបរិស្ថាន ដើម្បីវាយប្រហារលើរដ្ឋាភិបាលកម្ពុជា ព្រោះគ្មានបរទេសណា ស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ៕