(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចអាយុក្រោម ១៦ឆ្នាំរបស់កម្ពុជា (U-16) បានប្រកួតចាញ់ក្រុមភ្ញៀវ U-16 មីយ៉ាន់ម៉ា ដោយលទ្ធផលបច្ចេកទេស ៣-២ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃពុធ ទី០៦ កក្កដា ឆ្នាំ២០១៦នេះ។
ក្នុងជំនួបដ៏ស្វិតស្វាញ ដែលមានអ្នកចូលទស្សនាផ្ទាល់ជិត ២ម៉ឺននាក់នោះដែរ U-16 កម្ពុជា បានរបូត១គ្រាប់ដំបូងនៅនាទីទី២៣ មុនពេលវាយបកឈ្នះ ២-១ វិញដើមតង់វគ្គទី២ នៅក្រោមដំណក់ទឹកភ្លៀងរលឹម។
តែអ្វីដែលគួរឲ្យស្តាយនោះគឺ នៅនាទីចុងម៉ោង U-16 កម្ពុជា បានរបូត២គ្រាប់ភ្លាមៗ ត្រឹមរយៈពេល៥នាទីដល់ម៉ោងបញ្ចប់ ដែលធ្វើឲ្យ U-16 មីយ៉ាន់ម៉ា ឈ្នះ U-16 របស់កម្ពុជា ៣-២ តែម្តង។
ការប្រកួតកម្តៅសាច់ដុំនេះដែរ ត្រូវបានធ្វើឡើងក្នុងនាមក្រុមទាំងពីរត្រៀម ចូលរួមប្រកួតពានរង្វាន់អាស៊ាន AFF U-16 Championship 2016 ដែលមានកម្ពុជា ធ្វើម្ចាស់ផ្ទះចាប់ផ្តើមពីថ្ងៃទី១០-២៣ ខែកក្កដាដ៏ខ្លីខាងមុខ។
សម្រាប់កម្មវិធីប្រកួតពានរង្វាន់ AFF U-16 Championship 2016 នេះ U-16 មីយ៉ាន់ម៉ា គឺស្ថិតក្នុងពូល A ជាមួក្រុមអូស្ដ្រាលី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន។ ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ៕