(កំពង់ឆ្នាំង)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានដំណើរការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការនៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បន្ទាប់ពីមានការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសការដាក់ពាក្យ ទទួលពាក្យ និងការពិនិត្យពាក្យកន្លងមក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ក៏បានរៀបចំការប្រឡ ងជ្រើសរើសមន្ត្រីបម្រើការរយៈពេលខ្លី នៅលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងចំនួន៣០រូប តែបេក្ខជនដែលត្រូវប្រឡងមានចំនួ៥៥រូប ក្នុងនោះស្រ្តី៤រូប។

ការតម្រូវការមន្ត្រីដែលត្រូវចូលបម្រើការងារខាងលើនេះ រួមមាន៖

*ទី១៖ ជំនួយការរដ្ឋបាល និងលេខាធិការ
*ទី២៖ គណៈនីករណ៍
*ទី៣៖ បេឡាធិការ
*ទី៤៖ អនុប្រធានផ្នែកប្រតិបត្តិការទទួលបន្ទុកភស្តុភារ
*ទី៥៖ មន្ត្រីប្រតិបត្តិការ និងភស្តុភារមាន២រូប ក្រៅពីនោះគឺមានតែមួយរូបៗ
*ទី៦៖ មន្ត្រីទទួលដោះស្រាយពាក្យបណ្ដឹង១រូប ជំនួយការកុំព្យូទ័រ១រូប ការីកុំព្យូទ័រ១រូប អ្នកបើកបររថយន្ត១រូប អ្នកយាមចំនួន៣រូប ការីវិទ្យុទាក់ទង១រូប សរុបគឺមាន៣០រូប។

ការប្រឡងជ្រើសរើសមន្ត្រីបម្រើការនៅលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ក៏មានវត្តមានលោក នុត សុខុម អនុប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) អញ្ជើញជាអធិបតី ភាពក្នុងការបើកវិញ្ញាសាប្រឡងផងដែរ។

ថ្លែងទៅកាន់បេក្ខជន បេក្ខនារីខាងលើនេះ លោកអនុប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការជ្រើសរើសមន្ត្រីខាងលើនេះគឺ (គ.ជ.ប) ថ្នាក់ជាតិ បានផ្ដល់ជូនគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ជាអ្នកជ្រើសរើស ក្នុងនាមលោកជាអនុប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្នាក់ជាតិដែលហៅកាត់ថា (គ.ជ.ប) គ្រាន់តែបានចុះត្រួតពិនិត្យមើល ដោយឃើញថា ការផ្សព្វផ្សាយជ្រើសរើសមន្ត្រីបម្រើការងារ ខាងលើនេះគឺខេត្តកំពង់ឆ្នាំងធ្វើបានហ្មត់ចត់ និងត្រឹមត្រូវល្អណាស់ ដោយបានផ្សព្វផ្សាយ បិទប្រកាសសេចក្តីជូនដំណឹង តាមទីសាធារណៈផ្សេងៗ និងតាមបណ្ដាញផ្សព្វផ្សាយនានា ដូចជាវិទ្យុក្នុងខេត្ត និងការផ្សព្វផ្សាយតាម បណ្ដាញសង្គមនានាជាច្រើនទៀតផងដែរ ដោយរៀបចំបានត្រឹមត្រូវតាមការណែនាំរបស់ (គ.ជ.ប) ថ្នាក់ជាតិ។ មុននឹងការចូលប្រលងខាងលើនេះក៏បានធ្វើទៅតាមនីតិវិធីបានត្រឹមត្រូវ តែក៏នៅមានបញ្ហាខ្លះៗដោយសារតែបេក្ខជនចូល ប្រឡងមិនបានគ្រប់តាមគោលការណ៍។

លោកបានបញ្ជាក់ទៀតថា នៅថ្ងៃប្រឡងនេះផងដែរ លោកកក៏សូមឲ្យមានការរៀបចំប្រឡងឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ក្នុងនាមលោកទទួលបន្ទុកក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ លោកតែងតែបានចុះមក ពង្រឹងក្នុងមូលដ្ឋានរបស់លោកជាប្រចាំ ដើម្បីពន្យល់លើកទឹកចិត្ត និងកែលម្អរាល់ការអនុវត្តនៅក្នុងមូលដ្ឋាន ពេលខ្លះលោកក៏បានជួបជាមួយភាគីពាក់ព័ន្ធគឺបណ្តាគណបក្សនយោបាយដោយបានខិតខំពន្យល់អំពីបំណងល្អ ពាក់ព័ន្ធនឹងតម្លាភាព ដើម្បីកាត់បន្ថយអំពីបាតុភាពផ្សេងៗ ហេតុនេះការខិតខំប្រឹងប្រែងរបស់ (គ.ជ.ប) ការវិវត្ត និងការកែរលម្អលើការងារបោះឆ្នោតនេះ ដោយខិតខំធ្វើយ៉ាងណាឲ្យកាន់តែមានតម្លាភាព ក្នុងនោះលោកក៏សូមកោត សរសើរដល់មន្ត្រីរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ចំពោះការងារចុះឈ្មោះ អ្នកបោះឆ្នោតបានរហូតដល់ជាង ១០០ភាគរយក្នុងឆ្នាំ២០២២កន្លងទៅ។

លោកស្រី នួន ចាន់នី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ការបោះឆ្នោតគឺមាន៤ដំណាក់កាលដូចខាងក្រោម៖

*ទី១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
*ទី២៖ ការចុះបញ្ជីគណបក្សនយោបាយ
*ទី៣៖ ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត
*ទី៤៖ ការប្រកាសលទ្ធផលបោះឆ្នោត។ ហេតុនេះសម្រាប់ខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសផងដែរ ផ្អែកទៅតាមដំណាក់កាលទាំង៤ និងអនុវត្តទៅតាមប្រតិទិន គឺបានឆ្លងកាត់ដំណាក់កាលទី១រួចហើយ គឺការពិនិ ត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ហេតុនេះនៅខេត្តកំពង់ឆ្នាំង គឺបានធ្វើរួចរាល់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២កន្លងទៅ ដែលបានធ្វើក្នុងរយៈពេល៥០ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ចំណែកឯកាចុះឈ្មោះជាលទ្ធផលផ្លូវការ អ្នកដែលមានអាយុគ្រប់បោះឆ្នោតចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សរុបបានចំនួន៣៥៩.៦៩៨នាក់ ក្នុងនោះស្រ្តីចំនួន១៩៤.៧១៤ នាក់ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧នេះផងដែរ នៅខេត្តកំពង់ឆ្នាំង មានការិយាល័យចំនួន៨១៨ការិយាល័យ បើប្រៀបធៀបទៅនឹងការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់កន្លងមក ក្នុងខេត្តកំពង់ឆ្នាំងមានតែ ៨០៧ការិយាល័យតែប៉ុណ្ណោះ៕