(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ក្រុមនិស្សិតពេទ្យមូស្លីមកម្ពុជាចំនួន៥០នាក់ ដឹកនាំដោយលោក សាន់ សាប អ៉ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមនិសិ្សតវិទ្យាសាស្រ្តសុខាភិបាលមូស្លីមកម្ពុជា បានមកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការទទួលស្វាគមន៍ពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅក្នុងឱកាសនោះលោក ឆាំង យុ បានឲ្យដឹងថា មានប្រជាជនចំនួន៥លាននាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលស្មើនឹង ៣៣% នៃប្រជាជនទូទាំងប្រទេសកម្ពុជា ដែលហាក់មិនសូវទទួលបានការយកចិត្តទុកដាក់។ អ្នករស់រានមានជីវិតទាំងនេះបានកសាងប្រទេសឡើងវិញពីបាតដៃទទេ ដែលត្រូវជា មា មីង អ៊ំ យាយ និងតារបស់យើង។ បច្ចុប្បន្ន អ្នកទាំងនេះមានវ័យកាន់តែចាស់ៗអស់ហើយ និងចាប់ផ្ដើមមានជំងឺ។

នៅក្នុងចំណោម៣៣% នៃអ្នករស់រានជីវិតពីរបបខ្មែរក្រហមទាំងនេះកំពុងប្រឈមនឹងជំងឺ១០យ៉ាងដូចគ្នា រួមមាន ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក។ នៅពេលមានតុលាការកាត់ទោស អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះមិនបានទទួលសំណងឡើយ ដោយសារ ឧក្រិដ្ឋកម្ម និងអំពើប្រល័យពូជសាសន៍ មានទំហំធំធេង។ អ្នករស់រានមានជីវិតទាំងនេះខិតខំតស៊ូរកយុត្តិធម៌ហើយក្រោយមកគាត់ធ្លាក់ខ្លួនឈឺ។

លោក ឆាំង យុ បានបន្តថា «ខ្ញុំគិតថាយើងគួរតែធ្វើអ្វីបន្តិចជាទឹកចិត្ត ភាពស្មោះត្រង់ ការបរិច្ចាគ (ក្នុងសាសនាអ៊ីស្លាម) ជូនដល់គាត់បន្តិចបន្តួច។ យើងចង់ឲ្យគាត់បានពិនិត្យសុខភាព ហើយយើងត្រូវចុះទៅជួបគាត់នៅភូមិ ទោះមិនអាចបានជួបទាំងអស់ គឺបានត្រឹម១សែន ឬ២សែននាក់ក៏យើងធ្វើដែរ។ សព្វថ្ងៃប្រជាជនខ្លះដែលរួចរស់ពីសម័យខ្មែរក្រហមក៏មានជីវភាពធូរធារ ប៉ុន្តែអ្នកខ្លះក៏ក្រីក្រ និងអ្នកខ្លះទៀតពិការ ដូច្នេះយើងមើលថែអ្នកណាដែលពិបាកជាងគេ។ យើងធ្វើតាមលទ្ធភាពយើងអាចធ្វើបាន សំខាន់ចេញពីទឹកចិត្តស្មោះត្រង់។ ខ្ញុំចង់ឲ្យប្អូនៗរួមចំណែកជាមួយយើង គឺប្អូនអាចចុះទៅតាមសហគមន៍ជួបពួកគាត់។ ប្រសិនជាប្អូនឃើញថាគាត់លើសឈាម និងមានជំងឺរបេង តើប្អូនៗត្រូវធ្វើអ្វី? នេះជាកិច្ចការរបស់យើង»

លោកបន្ថែមថា ជាទូទៅយើងផ្តល់អាហារ និងមធ្យោបាយធ្វើដំណើរជូនគាត់ដើម្បីទៅពិនិត្យសុខភាព និងពិនិត្យមើលឈាម។ កិច្ចការនេះតូច និងជាកិច្ចការដែលចាប់ផ្ដើមដំបូង ដែលយើងបានគិតគូរពីសុខភាពរបស់អ្នកដែលបានកសាងប្រទេសឡើងវិញ ដែលអ្នកទាំងនេះមិនត្រូវបានគេអើពើ។ ដូច្នេះបានជាយើងឲ្យសិស្ស និងនិស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ទៅជួបសួរសុខទុក្ខគាត់ និងយករបស់បន្តិចបន្តួចដែលគាត់នៅតែគិតថាមានតម្លៃជូនគាត់ ហើយឲ្យគាត់ប្រាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមប្រាប់មកយើងវិញ។

នៅចុងបញ្ចប់កម្មវិធីទស្សនកិច្ច លោក ឆាំង យុ បញ្ជាក់ថា សិស្សនិស្សិតដែលមកទស្សនកិច្ចនៅថ្ងៃនេះ ក៏អាចមកស្រាវជ្រាវនៅបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ទាក់ទងនឹងផ្នែកពេទ្យ និងសុខាភិបាលបានដែរ។ បន្ទាប់មកក្រុមនិស្សិតពេទ្យមូស្លីម បានទស្សនាទីតាំង និងកន្លែងតម្កល់ឯកសារនៅក្នុងបណ្ណាល័យសម្តេចម៉ែ៕