(ភ្នំពេញ)៖ អង្គការ Operation ASHA បានប្រកាសរៀបចំព្រឹត្តិការណ៍បាល់ទាត់មួយឈ្មោះថា Charity Futsal Tournament 2016 នៅថ្ងៃទី១០ ខែកក្កដាចុងសប្ដាហ៍នេះ ដើម្បីរ៉ៃអង្គាសថវិការចំនួន ២ម៉ឺនដុល្លារ យកទៅជួយដល់អ្នកជំងឺរបេង ៣៥០នាក់ ដែលកំពុងត្រូវការការព្យាបាលជាបន្ទាន់ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនចំនួនពីរ គឺស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី និងស្រុកដូនកែវ ខេត្តតាកែវ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតបាល់ទាត់មិនអាជីព នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាល្ងាចថ្ងៃទី០៦ ខែកក្កដានេះ កញ្ញា Jacqueline Chen នាយិការអង្គការ Operation ASHA បាននិយាយថា បច្ចុប្បន្នអង្គការកំពុងអនុវត្តន៍សកម្មភាពការងារក្នុងស្រុកប្រតិបត្តិចំនួន១៥ នៃខេត្តចំនួន៨ ក្នុងប្រទេសកមម្ពុជា ប៉ុន្ដែពេលនេះអង្គការកំពុងខ្វះខាតថវិការបន្ដសកម្មភាពក្នុងស្រុកប្រតិបត្តិទាំងពីរខាងលើ ដូច្នេះហើយទើបអង្គការស្វែងរកដៃគូឧបត្ថម្ភ និងរៀបចំព្រឹត្តិការណ៍នេះ ដើម្បីស្វែងរកថិវការបន្ដសកម្មភាពសប្បុរសធម៌នេះទៀត ។
កញ្ញាបានបន្ដទៀតថា ប្រសិនបើមិនមានជំនួយទេនោះ អ្នកជំងឺរបេងចំនួន ៣៥០នាក់ នឹងត្រូវបាត់បង់ឱកាសបន្ដការព្យាបាល ហើយវានឹងវិវត្តន៍ទៅរកជំងឺរបេងស៊ាំថ្នាំ ដែលមានស្ថានភាពធ្ងន់ធ្ងរពិបាកព្យាបាល ។ តាមរយៈគម្រោងរៀបចំកម្មវិធីខាងលើកញ្ញារំពឹងថា សប្បុរជន ពិសេសក្រុមហ៊ុន និងអ្នកមានជីវភាពធូរធានឹងចូលរួមក្នុងការងារនេះ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ ដែលមានជំងឺ របេងធ្ងន់ធ្ងរ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ។
នាយយកអង្គការ Operation ASHA រូបនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍ថា Charity Futsal Tournament 2016 លើកដំបូងនេះ នឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១០ ខែកក្កដានេះ នៅលើទីលាន Central Park Sports Complex ដោយមាន ១៦ក្រុមចូលរួម និងបែងចែកជា ៤ពូលក្នុងមួយពូលមាន ៤ក្រុម ។ ប៉ុន្ដែការចុះឈ្មោះក៏មានការបង់ថ្លៃខ្លះផងដែរ ប៉ុន្ដែកញ្ញាសង្ឃឹមថា ក្រុមចូលរួមទាំងអស់ នឹងបរិច្ចាគថវិការបន្ថែមទៀត ដើម្បីធ្វើឲ្យបំណងស្វែងរកថវិការ ២ម៉ឺនដុល្លារជួយដល់អ្នកជំងឺរបេងខាងលើបានសម្រេច ៕