Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូល សម្រេចតម្កល់ទោសបុរសជនជាតិចិនសិង្ហបុរីម្នាក់ ដែលជាប់ទោសពន្ធនាគារ ២៥ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

20-03-2023 15:04

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃតុលាការកំពូលលោក និល ណុន បានប្រកាសសាលដីកា ដោយសម្រេចតម្កល់ទោសបុរសជាប់ចោទជនជាតិចិនសិង្ហបុរីម្នាក់ ឈ្មោះ គី ប៉េងហ័រ អាយុ៧១ឆ្នាំ ដាក់ពន្ធនាគារ កំណត់២៥ឆ្នាំ ក្នុងសំណុំរឿង ផលិតដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរគ្រឿងញៀន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨។

មន្ត្រីតុលាការកំពូល បានថ្លែងឱ្យអ្នកយកព័ត៌មានអង្គភាព Fresh News បានដឹងថា សាលក្រមនេះ ត្រូវបានតុលាការកំពូល ប្រកាសនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ គី ប៉េងហ័រ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៩ កាត់ទោសដាក់ពន្ធនាគាកំណត់ ២៥ឆ្នាំ និងពិន័យ ៨០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ «ផលិតដោយខុសច្បាប់នូវសារធាតុញៀន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមបញ្ញត្តិ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ប៉ុន្តែជនជាតិរូបនេះ បានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក៏បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដដែល ហើយបន្ទាប់មកជនជាប់ចោទ បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

សូមរំលឹកថា ជនជាប់ចោទឈ្មោះ គី ប៉េងហ័រ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ​ទី២១ ខែ​មីនា ​ឆ្នាំ​២០១៨ នៅចំណុចអាផាតមិនបាលី បន្ទប់លេខB1 ជាន់ទី19 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលឃាត់ខ្លួន សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ដកដកហូតវត្ថុតាង គ្រឿងញៀន ជាង ១ គីឡូក្រាម៕