(បាសេឡូណា)៖ កីឡាករបាល់ទាត់ជនជាតិអាហ្សង់ទីន Lionel Messi របស់ក្លឹបអាជីព FC Barcelona និងឪពុករបស់ខ្លួន លោក Jorge Messi ត្រូវតុលាការអេស្ប៉ាញ សម្រេចកាត់ក្តីឲ្យជាប់ពន្ធនាគាររយៈពេល ២១ខែ (ជិត២ឆ្នាំ) បង់ប្រាក់ពិន័យ២.៣លានដុល្លារ ពីបទបន្លំ ប្រាក់បង់ពន្ធនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៩ នាពេលកន្លងមក។
សារព័ត៌មាន BBC របស់អង់គ្លេស បានចេញផ្សាយនៅល្ងាចថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦ នេះថា តារាបាល់ទាត់ ឆ្នើម វ័យ២៩ឆ្នាំ Messi រួមជាមួយឪពុករបស់គេ បានលួចបន្លំពន្ធគិតជាទឹកប្រាក់ប្រមាណ ៤.៦លានដុល្លារអាមេរិក ដែលជាការបិទបាំងប្រាក់ចំណូលរបស់គេ ដែលបានមកពីការលក់សិទ្ធិរូបភាព ទៅឲ្យក្រុមហ៊ុន Belize និងប្រទេស អ៊ុយរូហ្គាយ ក្នុងចន្លោះឆ្នាំ២០០៧ និង ២០០៩ នេះបើយោងតាមចៅក្រម បានថ្លែងឲ្យដឹងក្នុងពេលជំនុំជំរះក្តី។
ទាំង Messi និងឪពុករបស់គេ ត្រូវបានរកឃើញគណនីមិនប្រក្រតីចំនួន៣ ពីការបន្លំប្រាក់បង់ពន្ធរបស់ពួកគេ ត្រូវបានរកឃើញដោយតុលាការស្ថិតក្នុងទីក្រុង Barcelona នាថ្ងៃពុធ ទី០៦ កក្កដានេះ គ្រាដែលកីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនមួយនេះ បានបដិសេធថា «រូបគេមិនដឹងអីសោះ» អំពីការរៀបចំ ហិរញ្ញវត្ថុ របស់គេឡើយ ដោយបានលើកឡើងថា គេជាកីឡាករបាល់ទាត់មួយរូប ដោយមិនបានដឹងពីច្បាប់ជ្រៅជ្រះរបស់អេស្ប៉ាញឡើយ៕