Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកសិក្ខាសាលាស្ដីពី «ទិសដៅនៃការពង្រឹងយន្ដការ និងគោលការណ៍នយោបាយព័ត៌មាន» នៅខេត្តកំពត

20-03-2023 14:18

(កំពត)៖ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី «ទិសដៅ​នៃ​ការ​ពង្រឹង​យន្តការ និងគោលការណ៍​នយោបាយ​ព័ត៌មាន» នៅ​ខេត្តកំពត ដែលមានសិក្ខាកាមពីខេត្ត ចំនួន៥ខេត្ត រួមមាន ខេត្តកំពត, កែប, កោះកុង, ព្រះសីហនុ និងខេត្តតាកែវ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណង ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្ដល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្ដមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ។

លោកបានបន្ដថា រួមជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយ បំផុសព័ត៌មានឲ្យចូលកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

បើតាមលោក ផៃ ស៉ីផាន អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្រ្តីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ក្នុងការបញ្រ្ជៀបព័ត៌មានជាប្រចាំ ជាមួយនឹងការបំផុសរូបភាពជាក់ស្ដែង នៃសមិទ្ធផលរឹងដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ជាផលប្រយោជន៍រួម (សមូហភាព) វាអាចស្ថិតនៅក្នុងអារម្មណ៍ ឬបេះដូងរបស់មនុស្សតែមួយរយៈខ្លីតែប៉ុណ្ណោះ លើកលែងតែវាក្លាយជាសម្បត្តិប្រវត្តិសាស្រ្ត ដែលខុសគ្នាពីប្រយោជន៍ផ្ទាល់ (សួនតួ) ដែលអាចថិតថេរនៅក្នុងចិត្ត នៃមនុស្សលោកបាន អាស្រ័យហេតុនេះ គួរមានចំណាត់ការថ្លឹងថ្លែង រវាងផលសួនតួ និងសមូហភាព នៅក្នុងមធ្យោបាយបញ្ជ្រៀបព័ត៌មានផងដែរ។

លោក ផៃ ស៉ីផាន បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងកិច្ចថែរក្សា ការពារ សុចរិត នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋ៕