(ភ្នំពេញ)៖ អ្នកស្រី ម៉ក់ ចាន់ភក្តី ដែលជាកូនស្រីរបស់ លោក ម៉ក់ ចាន់សុខន មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងម្តាយឈ្មោះ ជា ស៊ីណាត បានសម្រក់ទឹកភ្នែក សុំការអន្តរាគមន៍ស្វែងយក យុត្តិធម៌ជូនគ្រួសារ ខណៈដែលធនាគារ និងតុលាការ សម្រេចដាក់ដីរបស់ខ្លួន ដែលមានទំហំរហូតដល់ ៤.៤ហិកតា នៅភូមិវាលស្បូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ លក់ឡៃឡុងក្នុងតម្លៃថោក ហើយមានអ្នកចូលរួមដាក់ដេញថ្លៃ តែម្នាក់គត់ ធ្វើឲ្យដីដែលត្រូវអាចសងបំណុលគេរួច តែបែរជាសងមិនរួចទៅវិញ។

អ្នកស្រី ម៉ក់ ចាន់ភក្តី បានរៀបរាប់រឿងរ៉ាវក្នុងគ្រួសាររបស់ខ្លួនទាំងទឹកភ្នែក ប្រាប់អង្គភាព Fresh News ថា ម្តាយរបស់អ្នកស្រី ឈ្មោះ ជា ស៊ីណាត ដែលរងគ្រោះព្រោះរកស៊ីខាតបង់ ដោយនៅឆ្នាំ២០១០ ខ្លួនបានខ្លីលុយរបស់ធនាគារភ្នំពេញ ពាណិជ្ជ ចំនួន ៥៥ម៉ឺនដុល្លារដើម្បីយកទៅរកស៊ី និងក្រោយមកខ្ចីថែម៤ម៉ឺនដុល្លារទៀត សរុប៥៩ម៉ឺនដុល្លារ ដោយដាក់ប្លង់ដីពីរកន្លែងទំហំ ៤.៤ហិកតា និង ១.១ហិតាដែលមានទីតាំងស្ថិតនៅក្នុងភូមិវាលស្បូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយធ្វើការបង់ប្រាក់ការជារៀងរាល់ខែ។

អ្នកស្រីបានបន្តថា រហូតដល់ឆ្នាំ២០១៣ ការរកស៊ីរបស់ម្តាយអ្នកស្រី និងក្រុមគ្រួសារក៏មានបញ្ហា ពេលនោះគ្រួសាររបស់អ្នកស្រី បានដាក់លុយចំនួន ២៣.៥ម៉ឺនដុល្លារក្នុងធនគារ ដើម្បីឲ្យធានាគាររត់ការ លក់ដីមួយប្លង់ដែលមានទំហំ ១.១ហិកតានោះសងបំណុលធនាគារពាក់កណ្តាលសិន ហើយសូមធនាគារពន្យារពេល ដើម្បីទុកពេលឲ្យគាត់បានលក់ដីមួយប្លង់ទៀត បានតាមតំលៃទីផ្សារ។

អ្នកស្រី ម៉ក់ ចាន់ភក្តី បានបន្ថែមទៀតថា ក្រោយមកតុលាការ បានសម្រេចដាក់ដេញថ្លៃលក់ដីរបស់គាត់ ដោយការដេញថ្លៃនោះ ហាក់ដូចជាមានការឃុបឃិតគ្នាជាមួយធនាគារ និងអ្នកទិញ ដោយដីរបស់អ្នកស្រីមាន អ្នកចេញថ្លៃតែម្នាក់ប៉ុណ្ណោះ គឺលោកឧកញ៉ា ជា លាងហុង ក្នុងតម្លៃត្រឹមតែប្រមាណជា ២៤ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះទាបជាងទីផ្សារខ្លាំងបំផុត ដែលទីផ្សារអាចបានរហូតដល់៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

កូនស្រីមន្ត្រីអាវុធហត្ថ ដែលធ្លាប់បម្រើជាតិមាតុភូមិរូបនេះ បាននិយាយថា «សូមសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនគ្រួសារនាងខ្ញុំផង ព្រោះមានតែ សម្តេចទេ ដែលជាជញ្ជីងយុត្តិធម៌ សម្រាប់ពួកខ្ញុំ ព្រោះអីពួកខ្ញុំមិនបានរំលោភបំពានទៅលើបុគ្គលណាទេ អ្វីដែលខ្ញុំនិយាយគឺសុទ្ធតែជាការពិត បើមិនពិតដី របស់ខ្លួនទាំងប៉ុន្មាន សូមប្រគល់ជូនលោកឧកញ៉ា ដែលទិញពីតុលាការនេះចុះ ខ្ញុំមិនតវ៉ាទេ»។  

អ្នកស្រី ម៉ក់ ចាន់ភក្តី និងម្តាយ បានសំណូមឲ្យសម្តេចតេជោ ជួយបង្កើតក្រុមការងារស្រាវជ្រាវ លើករណីដាក់ដេញថ្លៃដីរបស់ខ្លួន ដើម្បីស្វែងរកយុត្តិធម៌ ជួយក្រុមគ្រួសាររបស់អ្នកស្រីផង។ លើសពីនេះ អ្នកស្រីសំណូមពរឲ្យលោកឧកញ៉ា ជា លាងហុង បញ្ឈប់ការប្តឹងផ្តល់ពូរបស់ខ្លួនទៅ ព្រោះគាត់មិនបានដឹងអ្វីទេ គាត់គ្រាន់តែជាអ្នកយាមដីឲ្យគ្រួសាររបស់អ្នកស្រីប៉ុណ្ណោះ៕

ខាងក្រោមនេះជាលិខិតរបស់ អ្នកស្រី ម៉ក់ ចាន់ភក្តី សរសេរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍៖