(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសឲ្យដឹងថា កញ្ញានឹងផ្តល់ប្រាក់ឧបត្ថមប្រចាំខែ ជូនគ្រូបង្រៀនម្នាក់ និង ផ្តល់សំភារៈសិក្សា ជួសជុលថ្នាក់រៀនមួយកន្លែង នៅខេត្ត ពោធិ៍សាត់។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការនៅមុននេះបន្តិចថា «នាងខ្ញុំសម្រេចជួយ ជួសជុលថ្នាក់រៀននេះ ផ្តល់សំភារ: សៀវភៅដល់ក្មេងៗ និងផ្តល់ប្រាក់ឧបត្ថមប្រចាំខែ ជូនគ្រូបង្រៀនម្នាក់នេះ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់»។
ការប្រកាសផ្តល់ជំនួយទាំងទឹកប្រាក់ និងសំភារៈ ពីកញ្ញា ធី សុវណ្ណថានេះ បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយ និងការចែករំលែក វីដេអូឃ្លីបមួយ នៅតាមបណ្តាញសង្គម Facebook និងតាម ប្រព័ន្ធផ្សព្វផ្សាយ ដែលបង្ហាញពី ស្ថានភាពជាក់ស្តែង ពីការបង្រៀនរបស់ លោកគ្រូម្នាក់ទៅដល់សិស្សក្រីក្រ ជាច្រើននាក់។ ទិដ្ឋភាពនៅក្នុងវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញ ពីស្ថានភាពក្រលំបាក ទាំងគ្រូ ទាំងសិស្ស រួមទាំងភាពទ្រុឌទ្រោមនៃសាលារៀនស្ថិតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕