(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តជាខ្លាំងចំពោះការផ្សាយ​ចោទ​ប្រកាន់ថាលោកជាមេឈ្មួញរកស៊ីឈើខុសច្បាប់ ពីសំណាក់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Dialy)។ លោកបណ្ឌិត ទាមទារឱ្យសារព័ត៌មាន មានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិកមួយនេះ រកភស្តុតាងមកបង្ហាញ និងជាអំណះអំណាងសម្រាប់ការផ្សាយមួយ​នេះ។

ប្រតិកម្មរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្ស​ប្រជាជន​កម្ពុជា ដ៏មានប្រជាប្រិយភាពកើតមាន បន្ទាប់ពីសារព័ត៌មាន ខេមបូឌា ដេលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ បានអត្ថបទមួយមានចំណងជើង «សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត»។ ក្នុងអត្ថបទនេះ សារព័ត៌មាន ខេមបូឌា ដេលី បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន​អន្តរជាតិ Monga​bay មានមូលដ្ឋាននៅអង់គ្លេស សរសេរដោយអតីតអ្នកសារព័ត៌មាននៅវីអូឌី។

ក្នុងការផ្សាយនោះ Monga​bay បានលាតត្រដាង និងបង្ហាញឈ្មោះបុគ្គលមួយចំនួនពាក់​ព័ន្ធ​​សកម្មកាប់ព្រៃឈើក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឱ្យក្រុមការងារស្រាវជ្រាវ និងអានព័ត៌​មាន Monga​bay នេះឡើងវិញ តែមិនមានកន្លែងណា ដែលព័ត៌មាននេះបញ្ជាក់ថា ក្រុម​ឈ្មួញ​កាប់ឈើ​ជាប់ពាក់ព័ន្ធនឹងរូបលោកនោះឡើយ។ ប៉ុន្តែសារព័ត៌មាន ខេមបូឌា ដេលី បែរជាបំផ្លើស និងបញ្ចេញបញ្ចូលបន្ថែមចោទប្រកាន់ប្រកាន់ថា រូបលោកជាមេឈ្មួញរកស៊ី​ឈើ​​នេះទៅវិញ។

លោក ហ៊ុន ម៉ាណែត បានទាមទារឱ្យសារព័ត៌មាន ខេមបូឌា ដេលី បង្ហាញភស្តុតាង ឬដក​ស្រង់ខ្លឹមសារពី Monga​bay មកបញ្ជាក់ឱ្យច្បាស់ថា តើកន្លែងណាដែលសារព័ត៌​មាន Monga​bay ​ផ្សាយ​ថា លោកជាមេបណ្តាញ ជាមេឈ្មួញរកស៊ីទាំងអស់នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «វាជាការហួសព្រំដែនហើយ ខ្ញុំមិនអាចទទួល​យកបានទេ»។ លោកបន្តថា «ខ្ញុំសួរ ខេមបូឌា ដេលី តើមានភស្តុតាង​កន្លែងណា ដែល​លោក​ឯងថា សារព័ត៌មាន Monga​bay បង្ហាញខ្ញុំមកនៅក្នុងអត្ថបទហ្នឹង។ ស្គ្រីនសត​ឱ្យ​ខ្ញុំ​មក តើនៅទំព័រទីប៉ុន្មាន ដែលសារព័ត៌មានហ្នឹងថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញ​កាប់​ឈើខុសច្បាប់នៅកម្ពុជា?»

លោកបណ្ឌិត ក៏បានស្នើឱ្យសារព័ត៌មាន Monga​bay ក៏ដូចជាម្ចាស់អត្ថបទដើម ទាមទារ​ទៅ ខេមបូឌា ដេលី បំភ្លឺលើរឿងនេះផងដែរ ព្រោះសារព័ត៌មាននេះ កំពុងយកអត្ថបទទៅផ្សាយបំភ្លៃ ដើម្បីចំណេញផ្នែកនយោបាយ៕