(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលត្រូវកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ធ្វើការឃាត់ទុករថយន្តដឹកកូនឈើ និងចោទពីបទមិនមានការ អនុញ្ញាតពីរដ្ឋបាលព្រៃឈើ កាលយប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នោះ បានចេញបំភ្លឺអះអាងថា គ្មានចេតនាប្រព្រឹត្តបទល្មើសនោះទេ។ នេះបើតាមការ អះអាងរបស់ពួកគាត់ ដែលអង្គភាព Fresh News ទើបទទួលបាន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្នុងសេចក្ដីបំភ្លឺរបស់ពលរដ្ឋដែលជាប់ពាក់ព័ន្ធករណីខាងលើ បានឱ្យដឹងថា រថយន្តដែលត្រូវបានរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺឃាត់ទុកនោះ មានចំនួន២គ្រឿង មួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 3A-5111 ដែលមានម្ចាស់ឈ្មោះ ហេង លាងស្រ៊ន និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3B-3407 ដែលមានម្ចាស់ឈ្មោះ អ៊ឹង សែ ដោយពួកគាត់គ្រាន់តែស៊ីឈ្នួលដឹកកូនឈើឱ្យគេដទៃតែប៉ុណ្ណោះ ដើម្បីយកទៅដាំលម្អតាមផ្ទះ ហើយជាកូនឈើ ដែលបានទិញពីប្រជាពលរដ្ឋផ្ទាល់ និងមានការវេចខ្ចប់គល់ត្រឹមត្រូវ។ ម្យ៉ាងពួកគាត់ក៏មិនបានដឹងអំពីការប្រព្រឹត្តល្មើសនេះដែរ ដោយគិតថា កូនឈើដែលបាន ទិញពីប្រជាពលរដ្ឋហើយ មិនមានការខុសច្បាប់នោះទេ ទើបហ៊ានទទួលដឹកកូនឈើឱ្យគេ។
ប្រជាពលរដ្ឋដដែលរូបនោះបានបន្តថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានយកកូនឈើទាំងនោះ ទៅផ្សាំអស់រួចហើយ ហេតុនេះហើយ ទើបពួកគាត់ស្នើសុំទៅរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងភាគីពាក់ព័ន្ធ អនុគ្រោះលើកលែងបទចោទប្រកាន់នេះ និងសុំឱ្យសម្របសម្រួលផ្ដល់ រថយន្តទាំង២ខាងលើ ទៅពួកកគាត់វិញ ដើម្បីបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លើសពីនេះប្រជាពលរដ្ឋទាំង២គ្រួសារខាងលើ បានប្តេជ្ញាចិត្ត និងធានាថា ចាប់ពីពេលនេះតទៅ មិនប្រព្រឹត្តអំពើល្មើសច្បាប់ទៀតទេ និងបញ្ឈប់រាល់សកម្មភាពដឹកឈើខុសច្បាប់នេះ ជារៀងរហូត៕