(ភ្នំពេញ)៖ សត្វផ្សោតមួយក្បាលអាយុប្រមាណ ២០ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់នៅអន្លង់អភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង​នៅម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតងាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់ ១៦០គីឡូក្រាមប្រវែង ២.៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ។ មន្ត្រីជំនាញដាក់ការសង្ស័យថា ផ្សោតឈ្មោះនេះងាប់ ដោយឧបករណ៍នេសាទមង ព្រោះមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង។

នេះជាសត្វផ្សោតទី១ ដែលបានងាប់ក្នុងឆ្នាំ២០២៣នេះ។ សត្វផ្សោតទន្លេមេគង្គ គឺជារតន​សម្បត្តិ​ធម្មជាតិ​មានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី ៧ឆ្នាំ​ហើយមានកូនក្នុងរយៈពេល ២ឆ្នាំម្ដង។

បច្ចុប្បន្នសត្វផ្សោតរងការគំរាមកំហែងដោយឧបករណ៍នេសាទមង សន្ទូចននង និងឧបករណ៍ឆក់។ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៧អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការនេសាទដោយប្រើឧបករណ៍មង ស្ទូចរនង និងឧបករណ៍នេសាទ​ខុសច្បាប់ផ្សេងទៀត។

ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសហការជាមួយរដ្ឋបាល​ខេត្ត​ក្រចេះ និងស្ទឹងត្រែង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ បាននិងកំពុងបន្តពង្រឹងការការ​ពារជា​ប្រចាំ នៅតំបន់ដែលសត្វផ្សោតរស់នៅ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុង​តំបន់​អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាន នៃសត្វផ្សោតទន្លេមេគង្គនេះ ដើម្បី​រួម​ចំណែកធានានិរន្តរភាពនៃសត្វផ្សោតទន្លេមេគង្គ និងធនធានជលផលក្នុងធម្មជាតិ។

ទោះយ៉ាងនេះក្តី ការលួចដាក់មងនៅតែអាចកើតមាន ហើយដែលបង្កជាគ្រោះថ្នាក់​ដូច​ករណីថ្ងៃនេះ។ ចំពោះមុខនេះ រដ្ឋបាលជលផល បន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូសហការផ្សេងទៀត ដើម្បីពង្រឹង​ការការពារឱ្យបានម៉ឺងម៉ាត់ថែមទៀត ដោយជ្រើសរើសឆ្នាំទន្លេបន្ថែម​ និងប្រមូលផ្ដុំកម្លាំង​យាមល្បាតជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការ​ប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យពីជម្រើសមុខរបរផ្សេងៗ។

រដ្ឋបាលជលផល បានអំពាវនាវដោយទទូចដល់បងប្អូនប្រជានេសាទនៅតំបន់នោះ មេត្តាឈប់ប្រើប្រាស់មងសន្ទូចរនង និងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វផ្សោត និងត្រីមេពូជរបស់យើង សម្រាប់ការទាក់ទាញទេសចរណ៍ បង្កើនកេរ្តិ៍ឈ្មោះប្រជាជាតិ និងទុកសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ និងថែរក្សាបន្ត៕