(អាហ្វ្រិកខាងត្បូង)៖ កីឡាករអូឡាំពិកដ៏ល្បីល្បាញរបស់ប្រទេសអាហ្វ្រិកខាងត្បូងនិង ពិភពលោក លោក Oscar Pistorius ត្រូវបានតុលាការប្រទេសនេះ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល០៦ឆ្នាំ ក្រោយពីបានរកឃើញភស្តុតាង និងសាក្សីគ្រប់គ្រាន់ថាលោក ពិតជាបានសម្លាប់មិត្តស្រីរបស់ខ្លួនឈ្មោះថា Reeva Steenkamp កាលពីឆ្នាំ ២០១៣ ប្រាកដមែន។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ CNN នារសៀលថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។
មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានដឹងច្បាស់នូវអ្វីដែលបានកើតឡើងនៅក្នុងផ្ទះរបស់លោក Oscar Pistorius ស្ថិតនៅក្នុងសង្កាត់ Pretoria កាលពីព្រឹកថ្ងៃបុណ្យនៃក្តីស្រឡាញ់បីឆ្នាំមុន។ នៅពេលដែលគាត់ត្រូវបានគេ បញ្ជូនមកស្តាប់សេចក្តីសម្រេចរបស់តុលាការនៅអាហ្វ្រិកខាងត្បូងនៅថ្ងៃពុធនេះ វាក៏បានក្លាយជាថ្ងៃចុងក្រោយ ហើយដែរដែលកីឡាករ រូបនេះ ស្ថិតនៅក្រៅឃុំរង់ចាំការកាត់ក្តីដ៏យូរអស់រយៈពេលបីឆ្នាំ ហើយទីបំផុតលោកនឹងជាប់គុកបានសម្រេច។
គួរបញ្ជាក់ថា Oscar Pistorius គឺជាអត្តពលិកកីឡាប៉ារ៉ាឡាំពិក ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ហើយលោកកាន់តែបានល្បីខ្ទរខ្ទាថែមទៀតនៅពេលដែល បានទទួលរងការចោទប្រកាន់ថាបានសម្លាប់មិត្តស្រីខ្លួនឯង កាលពីឆ្នាំ ២០១៣ ដែលរហូតមកដល់ឆ្នាំ ២០១៦នេះទើបមានសាលក្រមផ្តន្ទាទោសដោយតុលាការប៉ុណ្ណោះ៕