Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់ផ្សាយភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចាប់ពីថ្ងៃស្អែកតទៅ តាមទូរទស្សន៍បាយន្ត

19-03-2023 17:51

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់ផ្សាយខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកតទៅ តាមរយៈកញ្ចក់ទូរទស្សន៍បាយន្ត និងផ្សាយតាមរយៈឆាណែលតេឡេក្រាម «សម្ដេចតេជោហ៊ុនសែន» រយៈពេល១០ម៉ោងយ៉ាងតិច ក្រោយការផ្សាយរបស់ទូរទស្សន៍បាយន្ត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នាថ្ងៃទី១៩ ខែមីនា យ៉ាងដូច្នេះថា «ជូនបងប្អូនជនរួមជាតិ! រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នឹងត្រូវចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ តាមកញ្ចក់ទូរទស្សន៍បាយន្ត។ កាលពីថ្ងៃ១៣ មីនា ២០២៣ ខ្ញុំបាននិយាយថា ឆាណែលតេលេក្រាមរបស់ខ្ញុំនឹងចាក់ផ្សាយក្រោយទូរទស្សន៍បាយន្តក្នុងរង្វង់២ឬ៣ម៉ោង។ អាស្រ័យដោយទូរទស្សន៍បាយន្តត្រូវចាក់ផ្សាយ បន្ទាប់មកត្រូវចាក់ផ្សាយឡើងវិញ ដូចនេះឆាណែលតេឡេក្រាមរបស់ខ្ញុំនឹងចាក់ផ្សាយរយៈពេល១០ម៉ោងយ៉ាងតិច ក្រោយការផ្សាយរបស់ទូរទស្សន៍បាយន្ត។ ខ្ញុំនឹងបង្ហោះចេញម្តងមួយភាគជាមួយគ្នាតែម្តង»

សូមរំឭកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបើកសម្ពោធការចាក់ផ្សាយខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាខ្សែភាពយន្តប្រវត្តិសាស្ត្រស្ដែងអំពីជីវិតរស់នៅក្នុងសម័យខ្មែរសម័យខ្មែរក្រហម និងការរំដោះប្រទេសកម្ពុជាពីរបបដ៏ខ្មៅងងឹតនេះ ព្រមទាំងការស្វែងរកសន្តិភាពជូនជាតិកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានសង្កត់ធ្ងន់ថា ការបន្ថែមការចាក់ផ្សាយតាមប្រព័ន្ធតេឡេក្រាមនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋបានមើលរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ឱ្យបានច្រើនគ្នា ពិសេសសម្រាប់អ្នករវល់នឹងកិច្ចការងារប្រចាំថ្ងៃ អ្នកធ្វើដំណើរតាមផ្លូវដែលមិនអាចមើលទូរទស្សន៍បាន។ តែយ៉ាងណា ប្រជាពលរដ្ឋត្រូវភ្ជាប់ជាមួយឆាណែលតេឡេក្រាមរបស់សម្ដេច៕