(ព្រះសីហនុ)៖ នៅក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ នៅលើកោះរ៉ុង កាលពីម្សិលមិញ អង្គប្រជុំនេះការកោតសរសើរអំពីវឌ្ឍនភាព នៅលើកោះរ៉ុង ដោយជំរុញបង្កើនសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ហើយពន្លឿនក្នុងការធ្វើអត្តសញ្ញាណដល់អ្នករស់នៅលើកោះនោះ ដើម្បីឈានដល់ការឆ្វៀលដីជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំកាលពីម្សិលមិញនេះ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអចិន្រ្តៃយ៍ និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំបានផ្តោតលើវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រុមការងារ៖ ការរៀបចំ និងគ្រប់គ្រងអនាម័យ បរិស្ថាន នៅតាមភូមិប្រជាជនរស់នៅ និងនៅតាមតំបន់អាជីវកម្ម ទេសចរណ៍។
នាពេលបច្ចុប្បន្ន ប្រជាជន និងអាជីវករមានការយល់ដឹង និងចូលរួមខ្ពស់ជាងពេលមុន ក្នុងការគ្រប់គ្រងបរិស្ថាន និងសំណល់។ ស្របជាមួយគ្នានេះ ក្រុមការងារបានទទួលជោគជ័យ ក្នុងការរៀបចំគម្រោងសាកល្បងបំពាក់ប្រព័ន្ធ ចម្រោះទឹកកខ្វក់ ០២កន្លែងនៅក្នុងភូមិកោះតូច និងឈានទៅបំពាក់ ប្រព័ន្ធចម្រោះនេះនៅទីតាំងផ្សេងទៀត។ ការថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរដែលមកកម្សាន្ត នៅលើកោះរ៉ុង ការពន្លឿនកិច្ចការកំណត់ អត្តសញ្ញាណកម្ម ប្រជាជននៅលើកោះ ដើម្បីឈានដល់ការឆ្វៀលដីជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ បានសម្តែងភាពសប្បាយរីករាយ និងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ពិសេសក្រុមការងារប្រចាំការនៅលើកោះរ៉ុង ។ ដើម្បីពន្លឿន ការងារខាងលើក្រុមការងារអចិន្រ្តៃយ៍ និងបន្ថែមកម្លាំងទាំងសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បន្តពន្លឿនលម្អិតនៃការធ្វើអត្តសញ្ញាណកម្ម ដើម្បីឈានដល់ ការឆ្វៀលស្បែកខ្លាជូនប្រជាជន ការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍវិស័យទេសចរណ៍នៅលើកោះ ប្រកបដោយនិរន្តភាព និងចីរភាពស័ក្តិសម ជាគោលដៅទេសចរណ៍តំបន់ឆ្នេរ និងកោះដ៏ទាក់ទាញ កម្រិតពិភពលោក។
សូមបញ្ញាក់ថា ក្រោយពីឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ ពិសេសទៅកម្សាន្តនៅតាមបណ្តាកោះធំៗ ដូចជា កោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលមានចំនួនភ្ញៀវទេសចរណជាមធ្យម ១០០០នាក់ក្នុងមួយថ្ងៃ៕