(កណ្ដាល)៖ សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាចំនួន៤១០នាក់ នៅស្រុកល្វាឯម ខេត្តកណ្ដាល បានប្រកាសប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងប្ដេជ្ញារួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាតរៀងទៅ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងពេលដែលសមាជិកថ្មីទាំង៤១០នាក់ខាងលើ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំអរិយក្សត្រ និងឃុំសារិកាកែវ ប្រធានគណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងគណៈអចិន្ត្រៃយ៍គណបក្សឃុំទាំង២។ សមាជិកថ្មីនេះគឺមកពីនៅឃុំអរិយក្សត្រ និងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

លោក នុត ពុធដារ៉ា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធា។

លោកអនុប្រធានគណបក្សខេត្តបានបន្តថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

លោក នុត ពុធដារ៉ា បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មីឱ្យអនុវត្តតួនាទីភារកិច្ច ទៅតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖
១. ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។
២. កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន។
៣. ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។
៤. ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

តំណាងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំង៤១០នាក់ បានប្តេជ្ញាចិត្តស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ប្តេជ្ញាគាំទ្រសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

គណៈអធិបតីក៏បានឧបត្ថម្ភដល់សមាជិក-សមាជិកថ្មីទាំងអស់ ក្នុងម្នាក់ៗ អាវ១ មួក១ និងថវិកា២០,០០០រៀលផងដែរ៕