(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ង៉ែត ព្រឿង នាយសេនាធិការរងយោធភូមិភាគទី៥ បានកោតសរសើរដល់កម្លាំងតំបន់អភិវឌ្ឍន៍ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានដាក់ជូន ព្រមទាំងបានផ្ដាំផ្ញើជំរុញដល់កម្លាំងតំបន់អភិវឌ្ឍន៍បន្តបង្កើនការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីធានាជីវភាពកងទ័ព។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការឆ្នាំ២០២៣ របស់តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៥ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ង៉ែត ព្រឿង បានកោតសរសើរដល់កម្លាំងតំបន់អភិវឌ្ឍន៍ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានដាក់ជូន ជាពិសេសការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ តាមភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ និងការងារមូលដ្ឋាន ការងារចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ។

លោកនាយសេនាធិការរងបានផ្តាំផ្ញើដល់កងកម្លាំងតំបន់អភិវឌ្ឍន៍បន្តជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារ ហូបគ្រប់គ្រាន់ និងបង្កើនការផ្សព្វផ្សាយ និងអនុវត្តឱ្យបានដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកនាយសេនាធិការរងយោធភូមិភាគទី៥ បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងមក និងបានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ជូនទីបញ្ជាការតំបន់អភិវឌ្ឍន៍ផងដែរ៕