(ភ្នំពេញ​)​៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយយុវជនគណបក្សបក្សឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន៦៣០នាក់ ក្នុងនោះក៏មានអតីតសកម្មជនយុវជនគណបក្សភ្លើងទៀន ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

កម្មវិធីជួបជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់សកម្មជនគណបក្សបក្សមូលដ្ឋាន ក្រុមយុវជនគណបក្សមូលដ្ឋានទាំងសមាជិកចាស់ និងសមាជិកថ្មីទាំងអស់ និងក្រុមការងារជនបង្គោលគណបក្ស ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវគោលជំហរស្រលាញ់បក្ស ដើរតាមគោលនយោបាយបក្ស និងគិតគូរដល់បុព្វហេតុជាតិមាតុភូមិ ជាធំ ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូតចេញពីប្រជាជន និងដើម្បីប្រជាជន។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនយុវជន និងសមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់យុវជន និងសមាជិក សមាជិកាគណបក្សអំពីសារសំខាន់នៃការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងជាតិ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានទទួលសម្លេងគាំទ្រដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោតជាច្រើនអាណត្តិ ដោយមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រជាជនរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខជាលំដាប់។

ក្នុងឱកាសនោះដែរ ក៏មានការចាក់បញ្ចាំងវីដេអូឯកសារ ស្តីពី «ឧត្តមភាពរបស់សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត» ដោយបង្ហាញអំពីមហាវីរភាពរបស់ សម្តេចតេជោ ក្នុងការយកជីវិតទៅប្តូរដើម្បីតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកសាងប្រទេសជាតិពីបាតដៃទទេរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃ និងជាពិសេសបាននាំយកសន្តិភាពពេញលេញ ដល់ប្រទេសជាតិ និងប្រជាជន តាមរយៈគោលនយោបានឈ្នះ-ឈ្នះ ធ្វើឱ្យមានឯកភាពជាតិ ឯកភាពទឹកដីទាំងមូល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ និងជាកុលបុត្រដ៏ឆ្នើមរបស់ប្រទេសជាតិ ដែលពោរពេញដោយចំណេះដឹងខ្ពង់ខ្ពស់ ទេពកោសល្យ ភាពប៉ិនប្រសព្វពីកំណើត និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំស្ថាប័នជាតិ ការបង្កើតអង្គភាពប្រឆាំងភេរវកម្ម និងការការទម្រង់ប្រព័ន្ធគ្រប់គ្រង់ក្នុងជួរកងខេមរភូមិន្ទ ធ្វើឱ្យវិស័យការពារជាតិមានភាពរឹងមាំ និងមានប្រសិទ្ធិភាពខ្ពស់។ សមត្ថភាពក្នុងការគ្រប់គ្រង់ប្រទេសជាតិពេលមានវិបត្តិ ជាពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាជាច្រើន និងមានភាពល្បីល្បាញ ទទួលស្គាល់លើឆាកអន្តរជាតិ។ ការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្ស និងក្រុមចលនាយុវជនតាមមូលដ្ឋាន ដើម្បីធានាឱ្យមានការអភិវឌ្ឍជនបទដល់គ្រប់ទីកន្លែង។ វីរភាពទាំងនេះ បញ្ជាក់បានថាលោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបេក្ខភាពសក្តិសមឥតខ្ចោះ ដែលត្រូវបានគណបក្សបោះឆ្នោតជ្រើសរើសជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

លោកបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្តឱ្យយុវជនគណបក្សទាំងអស់ ត្រូវធ្វើខ្លួនជាមន្ត្រីបក្សដែលមានអត្តចរិតល្អ និងជាគម្រូ និងចូលរួមរាល់សកម្មភាពនយោបាយរបស់គណបក្ស ដើម្បីថែរក្សាសុខសន្តិភាព និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ជាពិសេសចូលប្រឡូកឱ្យជាប់លាប់ជាមួយប្រជាជន អាជ្ញាធរមូលដ្ឋាន និងក្នុងកិច្ចការសង្គម ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងធ្វើឱ្យកម្រិតជីភាពគ្រួសារប្រជាកសិករមានភាពប្រសើរផងដែរ។

លោកបណ្ឌិត ម៉ឹង មករា បានថ្លែងថា៖ «អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន»៕