(បន្ទាយមានជ័យ)៖ លោក យឹម សំណាង ត្រូវបានប្រកាសតែងតាំងអភិបាលស្រុកភ្នំស្រុក ជំនួសលោក សេង គី ដែលត្រូវបានទៅបំរើការងារ មន្ត្រីសាលាខេត្ត បន្ទាយមានជ័យវិញ។ ក្នុងពិធីតែងតាំងនេះត្រូវបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងបរិវេនសាលាស្រុកភ្នំស្រុក ក្រោមអធិបតីភាព លោក សូន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ដ្រីរាជការជាច្រើនរូបផងដែរ។

លោក សួន បវរ អភិបាលខេត្ត បានថ្លែងថា លោកអភិបាលស្រុកថ្មី ត្រូវចេះគោរពបទបញ្ញត្តិមានកិច្ចសហការ និងសាមគ្គីភាពគ្នាឲ្យបានល្អ ក្នុងការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាពដើម្បីឆ្លើយតប កំណែទម្រង់ស៊ីជម្រៅវិមជ្ឈការ វិសហមជ្ឈការ សេវារដ្ឋបាលនៅថ្នាក់មូលដ្ឋាន គឺសំដៅដល់ការកាត់បន្ថយអំពើពុករលួយ ជំរុញសេវាឲ្យកាន់តែ ឆាប់រហ័ស និងបង្កលក្ខណៈឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោក យឹម សំណាង អភិបាលស្រុកដែលទើបចូលកាន់តំណែងនេះ បានឡើងប្តេជ្ញាចិត្តនឹង គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អរាល់លិខិត បទដ្ឋានគតិយុទ្ធនានា និងខិតខំប្រតិបត្តិតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋាបាលខេត្ត ប្រកបដោយប្រសិទ្ធភាព។ លោកបានបន្តថា លោកនឹងទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ចំពោះក្រុមប្រឹក្សាគណៈអភិបាលខេត្ត ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងខិតខំពង្រឹងសាមគ្គីភាពផ្ទៃ ក្នុងនៃរដ្ឋបាលស្រុក ដើម្បីដោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដើម្បីអភិវឌ្ឍន៍ស្រុក ឲ្យកាន់តែមានភាពរីកចំរើន៕