(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានប្រចាំការគណបក្សខេត្ត នាថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៣ ម្សិលមិញ បានបើកវគ្គបណ្ដុះបណ្ដាលអប់រំនយោបាយ ជូនដល់មន្ត្រីគណបក្សមូលដ្ឋានឃុំ-សង្កាត់ ចំនួន១២០នាក់។

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅពេញ១ព្រឹក និងក៏មានការចូលរួមពីសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈជំនាញព្រមទាំងអស់ លោកប្រធាន អនុប្រធាន គណបក្សក្រុង-ស្រុក ផងដែរ។

លោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ និងជាប្រធានគណៈឃោសនាអប់រំ បានបញ្ជាក់ថា គោលបំណងវគ្គបណ្ដុះបណ្ដាលស្ដីពីការងារគណបក្សជូនដល់មន្ត្រីនៃគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ គឺដើម្បីអនុវត្តនូវផ្នែកនៃទិសដៅភារកិច្ចរបស់គណបក្សខេត្ត ក៏ដូចជា គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ដែលបានដាក់ចេញក្នុងសម័យប្រជុំនាពេលកន្លងមកនេះ ហើយក៏ជាយុទ្ធសាស្ត្រមួយដែលគណបក្សខេត្ត គិតគូរទទួលយកនូវអនុសាសន៍របស់ក្រុមគ្រូឧទ្ទេសនាមរបស់គណបក្សខេត្ត ដែលបានកំណត់ពីគោលដៅសមាសភាពដែលត្រូវ ចូលរួមវគ្គអប់រំនយោបាយស្តីពីការងារគណបក្ស ក្រោយពីការដកស្រង់បទពិសោធន៍ការងារ បើកវគ្គអប់រំនយោបាយចំនួន ១៨វគ្គ រួចមក។

លោក ឈាង ឡាក់ បានថ្លែងអំណរគុណដល់គណៈឃោសនាអប់រំគណបក្សខេត្ត និងក្រុមការងារជំនាញរបស់គណបក្សខេត្ត ដែលមានក្រុមគ្រូឧទ្ទេសនាមរបស់គណបក្ស មានបទពិសោធន៍ ធ្លាប់បានទទួលការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស និងបានធ្វើបទឧទ្ទេសនាមការងារគណបក្ស និងកិច្ចការនយោបាយជាច្រើនវគ្គ ច្រើនជំនាន់កន្លងមក ជាពិសេសបានខិតខំចងក្រងឯកសា ខ្លឹមសារមេរៀនសំខាន់ៗសម្រាប់បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីគណបក្សក្រុង ស្រុក និងបេក្ខជន ជាឃោសនិករបស់គណបក្សយើងទៅតាមដំណាក់កាលជាបន្តបន្ទាប់ បានកំណត់ក្នុងផែនការសកម្ម ភាពរបស់គណបក្សខេត្តស្រាប់។

លោកអនុប្រធានគណៈកម្មាធិការគណបក្ស បានបន្តថា ជាការពិតហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងឈានមកដល់ក្នុងពេលដ៏ឆាប់ៗខាងមុខ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្នុងន័យនេះ លោកបានស្នើសុំដល់គ្រូឧទ្ទេសនាម ពិនិត្យលទ្ធភាព និងផ្ទេរចំណេះដឹង សមត្ថភាព និងចំណេះធ្វើជាក់ស្ដែង ជាទម្រង់ឯកភាពមួយរបស់គណបក្ស និងតាមការជាក់ស្ដែងក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ចំពោះសិក្ខាកាមក៏ត្រូវខិតខំត្រង់ត្រាប់ចាប់យកចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ទស្សនៈគោលជំហរនយោបាយ និងយុទ្ធសាស្ត្រជាក់លាក់ សម្រាប់បន្តការបើកវគ្គនៅថ្នាក់ក្រុង ស្រុក ជូនដល់ឃោសនិក និងមន្ត្រីគណបក្សឃុំ សង្កាត់ ក្នុងដំណាក់កាលបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឈាង ឡាក់ ក៏បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ ដែលបានមកបណ្តុះបណ្តាល ត្រូវយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្ដនៅតាមមូលដ្ឋានរបស់ខ្លួន៕