(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភអំពី​លទ្ធភាព​​ផ្ទុះឡើង​នូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី។

តាមរយៈបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានលើកឡើងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រ​នយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។

សម្តេចតេជោបន្តថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការ​ស្វែងរកសន្តិភាព​ក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សន​កិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួល​ដើម្បីសន្តិភាព។

សម្តេចតេជោ បានគូសរំលេចដែរថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទ​ប្រល័យ​ពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាព​បានដោយ​របៀប​ណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៉ី ឥណ្ឌា និងចិន មិនបានចូលជាសមាជិក​ទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC​ ក្នុង​ឆ្នាំ២០១៩។ សម្តេចតេជោ បានបញ្ជាក់ថា ICC មិនមានអំណាចក្នុងការចាប់ខ្លួនជន​សង្ស័យ​​ណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភ​ព​លោក​ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឱ្យផ្ទុះ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ។

«ខ្ញុំមិនដែលជឿថា សង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជាមានការគំរាមកំហែង​ប្រើអាវុធនុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន​ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីការប្រើប្រាស់​អាវុធនុយ​ក្លេអ៊ែរ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកា​ចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការបាញ់អា​វុធ​នុយ​ក្លេអ៊ែរនិងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែរ​រាប់ពាន់គ្រាប់»។ សម្តេចតេជោបញ្ជាក់បន្ថែម។

សម្តេចតេជោ បានចោទជាសំណួរថា តើលោក ពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិន​បាន​តទល់ ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នក​ទទួល​​ខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំណុចនេះ ហើយ គឺជាចំណុចដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថា​សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះ​ថ្នាក់​ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយ​ក្លេអ៊ែរមិន​មែន​ត្រឹម២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក វ៉្លាឌីំមៀ ពូទីន ដោយចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋ​កម្មសង្រ្គាម នៅប្រទេសអ៊ុយក្រែន។

ដីកាចាប់ខ្លួនរបស់ ICC បានបញ្ជាក់ថា ការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ី ក្រោមការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្គ្រាមពាក់ព័ន្ធការចាប់បញ្ចូនកុមារ​ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្គ្រាមឈ្លានពានបានចាប់ផ្តើម។

ប្រធានតុលាការអន្តរជាតិមួយនេះ បានអះអាងថា ការអនុវត្តដីកាចាប់ខ្លួន នឹងអាស្រ័យទៅលើ​កិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។

វិមានក្រឹមឡាំង បានចេញមុខទាត់ចោលដីកាខាងលើ។​ សូមបញ្ជាក់ថា រុស្ស៉ី មិនមែនជាសមាជិកតុលាការ ICC នោះឡើយ ដូច្នេះ​គេពុំច្បាស់នោះទេថា តើលោកប្រធានាធិប​តីរុស្ស៉ី នឹងត្រូវគេធ្វើបត្យាប័នដែរឬអត់? តើការធ្វើបត្យាប័នអាចប្រព្រឹត្តទៅដោយរបៀបណា?