(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានទទួល ជួបសំណេះសំណាល ជាមួយលោកស្រី Sera Valdes Bolano ឯកអគ្គរដ្ឋទូត Mexico ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចពិភាក្សាខាងលើ លោកស្រី Sera Valdes Bolano បានលើក ឡើងថា កន្លងមកវិទ្យាសា្ថនជាតិស្រាវជ្រាវរុក្ខាប្រមាញ់និងកសិកម្ម នៃសហព័ន្ធ Mexico បានរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ហើយលោកស្រីក៏សង្ឃឹមថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សារណៈយោគ យល់នេះ បានឆាប់ នាពេលដ៏ខ្លីខាងមុខនេះ។
លោកស្រីបានគូសបញ្ជាក់ថា គោលបំណងនៃអនុស្សារណៈយោគយល់ គឺការព្រមព្រៀង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការដាំដុះ ការចិញ្ចឹមសត្វ និងធនធានព្រៃឈើ ក្នុងន័យពង្រីកការយល់ដឹង នៃការអនុវត្តច្បាប់លើការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពស្ថាប័ន លើសពីនេះ លោកស្រីក៏ជឿជាក់ផងដែរថា ក្រោយពីភាគីទាំងពីរ ចាប់ផ្តើមអនុវត្តអនុស្សារណៈ យោគយល់នេះ ខាងប្រទេស Mexico នឹងជួយជំរុញ កំណើនពាណិជ្ជកម្មផ្នែកកសិកម្មជាមួយកម្ពុជា នាពេលខាងមុខ។
លោករដ្ឋមន្រ្តីបានសន្យាថា នឹងពន្លឿនការរៀបចំអនុស្សារណៈយោគយល់ ឲ្យបានចប់សព្វនាពេលឆាប់ៗនេះ។ លោករដ្ឋមន្រ្តីក៏បានស្នើ ឲ្យរដ្ឋាភិបាល Mexico តាមរយៈលោកស្រី Sera Valdes Bolano ជួយរៀបចំជាដំណើរទស្សនកិច្ចផ្លូវការមួយ ទៅកាន់ប្រទេស Mexico ដើម្បីអាចផ្តល់ឱកាសឱ្យមន្រ្តីបច្ចេកទេស កសិកម្មរបស់កម្ពុជា បានសិក្សាស្វែងយល់ពីបទពិសោធន៍បច្ចេកទេស និងការវិវឌ្ឍនៃវិស័យ កសិកម្ម នៅប្រទេសម៉ិចសិចកូ ដើម្បីជាពុទ្ធិក្នុងការរៀបចំផែនការ អភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជាបានកាន់តែមានប្រសិទ្ធិភាព។
ជាមួយគ្នានេះ លោក វេង សាខុន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល Mexico ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យអាទិភាពនៅកម្ពុជា៕