(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ ១ខែកន្លះ ទីបំផុតរកឃើញហើយក្រុមបាល់ទាត់ជ័យលាភីជើងឯកដណ្តើមពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន» ប្រចាំឆ្នាំ២០២៣ គឺបានទៅលើក្រុមបាល់ទាត់យុវជន ស.ស.យ.ក ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការប្រកួតផ្តាច់ព្រាត់នៃពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន» ប្រចាំឆ្នាំ២០២៣ គឺជាជំនួបរវាងក្រុមបាល់ទាត់យុវជនក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមបាល់ទាត់យុវជនក្រសួងសុខាភិបាល។
ការប្រកួតផ្តាច់ព្រាត់នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ការប្រកួតផ្តាច់ព្រាត់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអញ្ជើញទៅលើកចិត្តដោយផ្ទាល់ដល់ក្រុមបាល់ទាត់យុវជន ស.ស.យ.ក របស់ក្រសួងផងដែរ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផលក្រុមបាល់ទាល់យុវជន ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន យកឈ្នះលើក្រុមបាល់ទាត់យុវជន ស.ស.យ.ក. ក្រសួងសុខាភិបាលដោយលទ្ធផល ៤គ្រាប់ ទល់នឹង៣។
បន្ថែមពីលើការទទួលបានពានរង្វាន់ «មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន»ហើយនោះ ក្រុមបាល់ទាល់យុវជន ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន ក៏ទទួលបានពានរង្វាន់គ្រូបង្វឹក និងអ្នកចាំទីល្អជាងគេផងដែរ។
ជាមួយនឹងជ័យជម្នះនេះ គេឃើញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរត់ចូលទីលានអបអរសាទរជាមួយក្រុមបាល់ទាត់យុវជនរបស់ក្រសួង ដោយក្តីរំភើបយ៉ាងក្រៃលែង៕