Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាណិត! ស្ត្រីជនជាតិ​ទំពូនម្នាក់​ សម្រាលកូន​ពាក់កណ្តាលផ្លូវ ​ខណៈ​ធ្វើដំណើរ​ទៅមន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​

06-07-2016 16:29

(រតនគិរី)៖ ស្ត្រីជនជាតិទំពូនម្នាក់ បានឈឺពោះឆ្លងទន្លេពាក់កណ្តាលផ្លូវ គួរឲ្យអាណិតយ៉ាងខ្លាំង ខណៈកំពុងធ្វើដំណើរ សំដៅមកមន្ទីរពេទ្យបង្អែកខេត្ត តែមិនទាន់ដល់ មន្ទីរពេទ្យផង ក៏សំរាលកូន នៅតាមផ្លូវតែម្តង។ ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវឡើងទូល ភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ខណៈទទួលបានព័ត៌មាននេះ វេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជាឲ្យបុគ្គលិកពេទ្យ ចុះទៅជួយសង្គ្រោះដល់កន្លែងកើតហេតុ បានជួយម្តាយ និងកូន បានទាន់ពេលវេលា ពោលគឺម្តាយ និងកូនពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ បន្ទាប់មកក្រុមគ្រូពេទ្យ បានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាព និងសម្រាកព្យាបាល បន្ទាប់ពី សំរាលកូនហើយ។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា ស្ត្រីឆ្លងទន្លេមានឈ្មោះ ភា ផន អាយុ២០ឆ្នាំ ជនជាតិទំពួន និងប្តីឈ្មោះណាត ឈិន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអ៊ុន ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់នេះ មានជីវភាពក្រីក្រ បានទៅស៊ីឈ្នួលជៀរជ័រកៅស៊ូឲ្យគេ នៅស្រុកអូរជុំ មុនសម្រាលកូនប្រពន្ធមានអាការៈឈឺពោះ រួចបានបញ្ជូនមក មន្ទីរពេទ្យបង្អែក ប៉ុន្តែមកមិនទាន់ដល់ផង ក៏សម្រាលកូនពាក់កណ្តាលផ្លូវតែម្តង។ សូមបញ្ជាក់ថា បច្ចុប្បន្នម្តាយ និងកូន គឺមានសុខភាពល្អ ពុំមានអ្វីកើតឡើងនោះទេ ហើយពីរនាក់ប្តីប្រពន្ធ និងសាច់ញាតិ បានលើកម្រាមដៃ១០ ថ្លែងអំណរគុណបុគ្គលិកពេទ្យឆ្មប ដែលបាន ចុះទៅជួយ ក្រុមគ្រួសារគាត់ទាន់ពេលវេលា៕