(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាលសាលាស្ដីពី «តម្បាញក្រមា៖ ការប្រមូលធាតុចូល និងពិនិត្យលើឯកសារដាក់ស្នើទៅយូណេស្កូ» នៅវិទ្យាល័យ១០មករា ១៩៧៩ ក្នុងខេត្តសៀមរាប ដើម្បីប្រមូលធាតុចូល និងពិនិត្យលើឯកសារដាក់ស្នើទៅយូណេស្កូ លើតម្បាញក្រមាប្រពៃណី។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើកចុងក្រោយ ពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម និងអ្នកស្រុក អំពីយន្តការអភិរក្ស លើកស្ទួយតម្បាញប្រពៃណីខ្មែរ ក៏ដូចជាពិនិត្យជាចុងក្រោយ លើសំណុំឯកសារតម្បាញក្រមាប្រពៃណី ដើម្បីដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌។ សិក្ខាសាលានេះបានធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលពីអ្នកពាក់ព័ន្ធដែលជាវាគ្មិនតំណាងការិយាល័យយូណេស្កូភ្នំពេញ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), និងតំណាងសហគមន៍តម្បាញផ្សេងៗទៀតដូចជា សហគមន៍តាអាន, សហគមន៍ភូមិអំបែងចេះ, សមាគមតម្បាញឃុំពេជសារ, សូត្រមាសខ្មែរ, សូត្រមាសភាច, មជ្ឈមណ្ឌលពិព័ណ៌តម្បាញសូត្រ Color Silk និងតំណាងអង្គការIKTT ហើយក៏មានការចូលរួមពីតំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង ២៥ ខេត្តក្រុង, មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តសៀមរាប, មន្ទីរកិច្ចការនារីខេត្តសៀមរាប, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប, មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប, មន្ទីរបរិស្ថានខេត្តសៀមរាប, មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប, គណៈកម្មាការជាតិយូណេស្កូ រួមទាំងអង្គការ សមាគម តំណាងសហគមន៍តម្បាញក្រមាទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្រមា ឬកន្សែងប្រពៃណីខ្មែរ ជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរចាប់តាំងពីកើតរហូតដល់ស្លាប់។ ក្នុងសង្គមខ្មែរ ក្រមា ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង។
ក្រៅពីប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនាប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម៕