(ភ្នំពេញ)៖ នៅក្នុងម៉ោងសិក្សាអំពី «របៀបចាប់មុំសរសេរព័ត៌មានក្ដៅ និងរបៀបសរសេរ Lead ដើម្បីទាក់ទាញ» របស់ FTC លោក ម៉ារ យ៉ារិទ្ធ បានបង្ហាញអំពីគន្លឹះសំខាន់ៗចំនួន៥ ដែលអ្នកសរសេរព័ត៌មានគួរអនុវត្តនៅក្នុងការសរសេរអត្ថបទប្រភេទ «ការធ្វើបច្ចុប្បន្នភាពព័ត៌មាន» ឬ News Updated ឬយើងហៅម្យ៉ាងទៀតថា Developing News Report។
គន្លឹះទាំង៥យ៉ាងនោះរួមមាន៖
១៖ ត្រូវដឹងថាតើមានអ្វីថ្មីទាក់ទងនឹងរឿងដែលយើងសរសេរ?
២៖ ពិនិត្យរឿងដែលបានសរសេររួចហើយ
៣៖ ស្រាវជ្រាវរកការពិតដែលសំខាន់អំពីបុគ្គលដែលពាក់ព័ន្ធឬប្រវត្តិ នៃព្រឹត្តិការណ៍
៤៖ រៀបចំកត់ត្រានូវចំណុចសំខាន់ៗ
៥៖ រករបាយការណ៍នានាដែលជាប់ពាក់ព័ន្ធនឹងការពិតឬពាក់ព័ន្ធ បុគ្គលដែលមានការកត់ត្រាហើយយើងចាប់ផ្តើមសរ សេរ ដោយប្រើ Direct lead ធម្មតា។
បន្ថែមពីនេះលោក ម៉ារ យ៉ារិទ្ធ បានសង្កត់ធ្ងន់ថា៖ «រឿងដែលគេសរសេររួចហើយ ឬរឿងដែលមានពី ម្សិលមិញហើយ មិនអាចជារឿងដែលយើងត្រូវសរសេរដូចគេនោះទេ ត្រូវតែព្យាយាមរកអ្វីដែលថ្មី» ហើយរឿងដែលសរសេរនោះត្រូវ Balance and Fairness»។
គួរជម្រាបជូនថា លោក ម៉ារ យ៉ារិទ្ធ គឺជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) និងជាគ្រូបង្គោល នៅក្នុងការសរសេរបង្ហាត់បង្រៀនផ្នែកសរសេរព័ត៌មានផ្ទាល់ផងដែរ។ បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលជំនាញចំនួន២គឺ ជំនាញសរសេរព័ត៌មាន ដោយលោក ម៉ារ យ៉ារិទ្ធ និងជំនាញថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន គឺបង្រៀនដោយលោក ហេង ស៊ីនិត្យ ដែលសុទ្ធសឹងតែជាគ្រូជំនាញ និងមានបទពិសោធន៍ក្នុងការបំពេញការងារទាំងស្ថាបនជាតិ និងអន្តរជាតិជាង៣០ឆ្នាំមកហើយ។
បច្ចុប្បន្ននេះ FTC ក៏កំពុងបើកទទួលពាក្យចូលរៀនលើផ្នែក ថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បំណាច់ខែមីនា ហើយនឹងចូលរៀននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខ៕