(ព្រះសីហនុ)៖ ក្រុមការងារនារី នៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែមីនា ឆ្នាំ២០២៣ បានដាំកូនកោងកាងចំនួន ២,០០០ដើម នៅតំបន់សហគមន៍ ក្នុងភូមិសាស្រ្តឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បបង្កើនធនធានជីវៈចម្រុះសមុទ្រកម្ពុជា និងជួយរួមចំណែករក្សាតុល្យភាពបរិយាកាស។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនកោងកាងនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយអាជ្ញាខេត្ត ព្រះសីហនុ អង្គភាពពាក់ព័ន្ធនានា រួមជាមួយសហគមន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងពិតជាមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងជួយការពារបរិស្ថាននៃភពផែនដី។

លោកស្រី ម៉ុម ថានី បានបញ្ជាក់ដែរថា យុទ្ធនាការនេះរៀបចំឡើងស្របនឹងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។ ជាមួយការដាំដើមកោងកាងនេះ នារីក្រសួងបរិស្ថាន បានចូលរួមបង្កើតនូវអនុស្សាវរីយ៍នៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីទុកកូនចៅជំនាន់ក្រោយ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងជួយដល់ភពផែនដី។

សូមបញ្ជាក់ថា ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ព្រៃកោងកាងជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស តាមរយៈការផ្តល់ជាប្រភពអាហារ និងការរៀបចំអេកូទេសចរណ៍ធម្មជាតិ។ លើសពីនេះទៀត វាជារបាំងការពារគ្រោះធម្មជាតិ ដូចជា៖ ខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូនដែលបានរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕