(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៉ីវិល២២ស្ថាប័ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការសោកស្ដាយ ចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ដែលដាក់កំហិតលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដាច់បន្ថែមនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលការសម្រេចនេះប្រៀបដូចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ខុសពីអ្វីដែលជាការសច្ចារបស់សហភាពអឺរ៉ុប។

ការចេញសេចក្ដីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៉ីវិល២២ស្ថាប័ន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅពេលនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានចេញសេចក្ដីសម្រេចដាក់កំហិតមកលើកម្ពុជា ក្នុងរឿងនយោបាយដែល សហភាពអឺរ៉ុបបានទាមទារឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងៗទៀតដោយឥតលក្ខខណ្ឌ និងបានគំរាមថា នឹងផ្តាច់បន្ថែមទៀតនូវ EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមកលើកម្ពុជា។

សហភាពអង្គការសង្គមស៊ីវិល២២ស្ថាប័ន យល់ឃើញថា ការដាក់កំហិតនេះ នឹងមិនបាននាំផលចំណេញអ្វីដល់ពលរដ្ឋកម្ពុជានោះទេ ផ្ទុយទៅវិញការណ៍នេះនឹងនាំផលលំបាកដល់ពលរដ្ឋកម្ពុជាទៅវិញទេដូចជាបាត់បង់ការងារ និងបាត់បង់ចំណូលជាដើម។ ម្យ៉ាងទៀតការសម្រេចនោះបានរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ។

ការសម្រេចដក EBA គឺជាការគំរាមមកលើរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដែលខុសពីការសច្ចាថា សហភាពអឺរ៉ុបនឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងថាសហភាពអឺរ៉ុបប្ដេជ្ញាជួយកម្ពុជា ឲ្យចេញផុតពីប្រទេសក្រីក្រឲ្យបានឆាប់បំផុត។

សហភាពអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់សហភាពអឺរ៉ុបមេត្តាគិតគូវែងឆ្ងាយចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងសូមឲ្យសភាពអឺរ៉ុបកុំផ្តាច់ EBA ឬប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីបន្តជួយពលរដ្ឋកម្ពុជាឲ្យមានជីវភាពល្អប្រសើរ។

សហភាពអង្គការសង្គមស៊ីវិល សម្ដែងការសោកស្តាយដែលលោក សម រង្ស៊ី ម្តងហើយម្តងទៀត នៅតែជំរុញឲ្យសហភាពអឺរ៉ុបផ្តាច់ EBA ចេញពីកម្ពុជា។ ក្នុងនាមលោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្តែលោកតែងតែធ្វើសកម្មភាពឲ្យបរទេសស្អប់ខ្មែរ និងបំផ្លាញផលប្រយោជន៍ប្រទេសខ្លួនឯង។ សហភាពអង្គការសង្គមស៉ីវិល បង្ហាញការអស់សង្ឃឹមចំពោះលោក សម រង្ស៊ី ដែលជាអ្នកនយោបាយជ្រុលនិយមមិនគិតពីប្រយោជន៍ជាតិរួម៕