(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការជាស្ត្រី»

ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញអធិបតីក្នុងពិធីពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នារាត្រីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី មកពីមន្ទីរ សា្ថប័ន ជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះលោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យក្រសួងបរិស្ថានដំណើរការទៅបានយ៉ាងរលូន ជាមួយគ្នានោះ ក៏ធ្វើឱ្យមានការផ្លាស់ប្តូរ លើវិស័យបរិស្ថានផងដែរ។ ទាំងអស់នេះ គឺមិនអាចកាត់ចេញបានពីការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់បងប្អូនមន្ត្រីរាជការដែលជាស្ត្រី។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងការលើកកម្ពស់ស្ត្រី ក្រសួងបរិស្ថានមានមន្ត្រីជាស្ត្រីចាប់ពីថ្នាក់មន្ត្រីរហូតដល់កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្រសួងបរិស្ថាន ក៏បានបណ្តុះអ្នកបន្តវេនជាស្ត្រីបានច្រើនផងដែរ តាមរយៈការបញ្ជូនឱ្យ ទៅសិក្សានៅបរទេស ដែលបានយកចំណេះជំនាញទាំងអស់នោះ ត្រឡប់មកជួយផលិតភាពរបស់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លើវិស័យកិច្ចគាំពារបរិស្ថាន បងប្អូនស្ត្រីបានចូលរួមអនុវត្ត និងដឹកនាំគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមស្វែងរកថវិកា សម្ភារ ផ្តល់ជាបច្ចេកទេសបណ្តុះបណ្តាលជាដើម។ ការចូលរួមរបស់បងប្អូនស្ត្រី មិនត្រឹមតែចូលរួមជាមួយវិស័យបរិស្ថានប៉ុណ្ណោះទេ គឺបានចូលរួមជាមួយសង្គមជាតិតែម្តង។

គួររម្លឹកថា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»