(ភ្នំពេញ)៖ ថ្នាំញៀនជាង៣គីឡូក្រាម និងជនជាតិចិនម្នាក់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបាននៅចំណុចបន្ទប់លេខ៨១៣ ជាន់ទី៨ ខុនដូយៀកថាយ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២៣ វេលាម៉ោង០៤៖៣០នាទី ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យជនជាតិចិន ដែលត្រូវបានឃាត់ខ្លួនឈ្មោះ លីវ ចាវ ភេទប្រុស កើតឆ្នាំ១៩៨៤ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់លេខ៨១៣ ជាន់ទី៨ ខុនដូយៀកថាយ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងដកហូតបានថ្នាំញៀន សរុប៣,២៤៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕