(សៀមរាប)៖ គណៈគ្រប់គ្រង សាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើម ផ្នែកភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ របស់ខ្លួន។ ទស្សនកិច្ចសិក្សានេះ បានធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ទី០៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឱ្យសិស្សឆ្នើមភាសាអង់គ្លេសទាំងនោះ ផ្លាស់ប្តូរបទពិសោធន៍ជាមួយសិស្សនៅសាលាអន្តរជាតិមួយចំនួន នៅទីក្រុងបាងកក។

លោកបណ្ឌិត Stephen Louw ជាអ្នកសម្របសម្រួលកម្មវិធីសិក្សា និង លោក Keith Dickson ប្រធានការិយាល័យកម្មវិធីភាសាអង់គ្លេស ជាអ្នកដឹកនាំក្រុមសិស្សានុសិស្ស ដោយផ្ទាល់បានឱ្យដឹងថា កម្មវិធីទស្សនកិច្ចសិក្សានេះរៀបចំឡើងដើម្បីលើកទឹកចិត្តសិស្សដែលរៀន ពូកែ និងផ្តល់ឱកាសឲ្យពួកគេស្វែងយល់អំពីការអភិវឌ្ឍ និងការរីកចម្រើននៅបណ្តាប្រទេសអាស៊ាន ជាពិសេសស្វែងយល់អំពីការសិក្សា រៀនសូត្ររបស់សិស្សានុសិស្សនៅប្រទេសជិតខាង ដើម្បីជំរុញការសិក្សារៀនសូត្ររបស់ពួកគេឲ្យកាន់តែអភិវឌ្ឍឈានឡើងនិងទទួល បានប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមខ្លួនប្រកួតប្រជែងជាមួយសិស្សទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកក៏បានបញ្ជាក់ផងដែរថា សិស្សឆ្នើមដែលបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះត្រូវបានជ្រើសរើសចេញពីថ្នាក់ទី៦ ដល់ថ្នាក់ទី ១២ ក្នុងកម្មវិធីចំណេះទូទៅអង់គ្លេស និងខ្មែរ ។ លោកបន្តទៀតថា កម្មវិធីនេះនឹងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តសិស្ស ឆ្នើមឲ្យមានឳកាសធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅប្រទេសជិតខាង និងអាចឈានទៅដល់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ អាស៊ាន៕