(សៀមរាប)៖ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដឹកនាំដោយឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ពីឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក្នុងគោលបំណងបន្តការចូលរួមចំណែកនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ។

ជំនួបនេះធ្វើឡើងនៅសណ្ឋាគារស៉ីធីអង្គរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ឧកញ៉ា ហ៊ុយ ភៀវ បានថ្លែងថា លោកបានដឹកនាំប្រតិភូដែលជាសមាជិកជ្រើសតាំង និងទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដើម្បីជួបសម្ដែងការគួរសម និងសុំអនុសាសន៍ពីឧកញ៉ា សៀង ណាំ សម្រាប់ការបន្តដឹកនាំសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នាអាណត្តិថ្មី ក្នុងការសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កលក្ខណធុរកិច្ចឲ្យកាន់តែល្អប្រសើរ។

ឧកញ៉ា សៀង ណាំ ក៏បានផ្ដល់អនុសាសន៍ឲ្យសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាដៃគូរជាតិ-អន្តរជាតិ អង្គភាព ស្ថាប័ន្ធ និងអាជ្ញាធរពាក់ព័ន្ធនានា ក្នុងគោលបំណងចូលរួមចំណែកនៃការរីកចម្រើនសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕