(ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះជាម្ចាស់ហាង «បឹងសំរោង» ដោយបានស្រុតបាក់ចូលទៅក្នុងទឹក រងការខូចខាត ផ្ទះសម្បែងនិងទ្រព្យសម្បត្តិទាំងស្រុង សរុបជាទឹកប្រាក់ ជាង២៥ម៉ឺនដុល្លានោះ បាននិងកំពុងមានវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែបាត់បង់ មុខរបរនិងគ្មានកន្លែងជ្រកកោណសមរម្យ។ គ្រួសារជនរងគ្រោះ និងជាមន្រ្តីយោធាផងនោះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរ ពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ ពន្លឿនហៅភាគីបង្កជាម្ចាស់ដី គឺស្រ្តីឈ្មោះ ម៉ាក់ អៀមលី មកដោះស្រាយផង ពីព្រោះស្រ្តីរូបនេះបាននិងកំពុង ព្យាយាមគេចវេស មិនចូលខ្លួនដោះស្រាយឡើយ បន្ទាប់ពីកើតហេតុមក។
លោកវរសេនីយ៍ទោ មាស ឆុន បម្រើការងារនៅអង្គភាពកងកាំភ្លើងធំ និងជាជាម្ចាស់ហាងបឹងសំរោង បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ថា តាមការវាយតម្លៃរបស់អ្នកជំនាញផ្នែកសំណង់ បានបញ្ជាក់ថា សំណង់របស់លោក អាចមានតម្លៃ៧ម៉ឺនដុល្លារ ហើយបើសរុប ទាំងថវិកាគ្រឿងសង្ហារឹមផ្សេងៗ ជាច្រើនក្នុងផ្ទះបន្ថែមទៀតនោះ គឺប្រហែលស្មើនឹង២៥ម៉ឺនដុល្លា។ ដូច្នេះលោកមិនបានប្តឹងទាមទារ សំណងជំងឺចិត្តអ្វីច្រើនទេ គឺយកតែតម្លៃសំណង និងសម្ភារខូចខាតតែប៉ុណ្ណោះ។
លោក មាស ឆុន បានបន្តថា «បន្ទាប់ពីកើតហេតុមកដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ ភាគីបង្កបានចាត់មេធាវី របស់ខ្លួន២រូប ដើម្បីមកជជែកចរចាសងសំណងដល់ ក្រុមគ្រួសារគាត់ ប៉ុន្តែឲ្យត្រឹមតែ៤ម៉ឺនដុល្លារប៉ុណ្ណោះទើបគាត់មិនអាច ទទួលយកបាន មកទល់បច្ចុប្បន្នមានរយៈពេលជិតកន្លះខែហើយ ដែលភាគីបង្កមិនបានចូលខ្លួនមកដោះស្រាយទៀតឡើយ ព្រោះទាំងផ្ទះបូករួមទាំងសម្ភារ ជាច្រើនត្រូវរងការខូចខាតទាំងសរុបជាង ២០ម៉ឺនដុល្លារឯណោះ»។
លោក មាស ឆុន បានបន្តទៀតថា អ្នកម៉ៅការចាក់ដីឈ្មោះ ហួន លាងសែ មានមុខរបររកស៊ីចាក់ដីខ្សាច់ ស្នាក់នៅភូមិបាក់ខែង សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ បានរត់គេច ខ្លួនបាត់ទៅហើយ ក្រោយពេលកើតហេតុ។ រីឯម្ចាស់ដីមានឈ្មោះ ម៉ាក់ អៀមលី អាយុជាង ៥០ឆ្នាំ មានមុខរបរជាអ្នកជុំនួញស្នាក់នៅ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
លោក មាស ឆុន បានប្រាប់ទៀតថា នៅមុនពេលកើតហេតុ លោកបានប្រាប់ទៅខាងភាគីបង្កចំនួន២ដងមកហើយ ទាំងអ្នកម៉ៅការចាក់ដី និងម្ចាស់ដីក្នុងការឈូសឆាយប្រយ័ត្នប៉ះពាល់ដល់ផ្ទះរបស់គាត់ ព្រោះពេលឈូសឆាយដីលើកដំបូងនោះ បណ្ដាលឲ្យទ្រេតសសរឈើ ផ្ទះបាយរបស់គាត់ អស់ចំនួន២ដើម និងឈូសឆាយលើកទី២ មិនបានប៉ះពាល់អ្វីទេ ស្រាប់តែលើកទី៣ ខាងភាគីបង្ក មិនព្រមស្ដាប់នៅ តែបង្ខំចិត្តចាក់ដី ឈូសឆាយយ៉ាងប្រញាប់សម្រុកទៅចំផ្ទះរបស់គាត់ បណ្ដាលឲ្យដួលទ្រេតស្រុតចូលក្នុងទឹកជិតដល់ដំបូលផ្ទះរងការ ខូចខាតទ្រព្យសម្បត្តិទាំងស្រុង តែសំណាងល្អមិនមានអ្នកនៅក្នុងផ្ទះទើបមិនបណ្ដាលឲ្យមានមនុស្សរងរបួស។
លោកបានបន្ថែមថា មូលហេតុទាំងនេះសបញ្ជាក់ឲ្យឃើញថា ខាងភាគីបង្ក គឺមានចេតុនាជាបទល្មើសព្រហ្មទណ្ឌ ដោយចង់ឲ្យផ្ទះ របស់គាត់ស្រុតដួលរំលំតែម្ដង។ លោក មាស ឆុន និងក្រុមគ្រួសារទាំងមូល បានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយសង្គ្រោះ ដល់ក្រុមគ្រួសារគាត់ផងដោយហៅភាគីបង្កលោកស្រី ម៉ាក់ អៀមលី ដើម្បីឲ្យចូលខ្លួនមកដោះស្រាយសំណងដើម្បី សងសំណងសមស្របបញ្ចប់រឿង ពីព្រោះបច្ចុប្បន្នក្រុមគ្រួសារគាត់ កំពុងប្រឈមអត់មានមុខរបរ និងចិញ្ចឹមកម្មករចំនួន៦នាក់ ក្នុងម្នាក់ប្រាក់ឲ្យប្រាក់ខែចាប់ពី១០០$ ទៅ១៥០$ព្រមទាំងគ្មានកន្លែងជ្រកកោណសមរម្យទៀតផង។
សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋមួយខ្នង បានសាងសង់ឡើងនៅលើទឹកដែលមានទទឹង៨ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រដោយបានបុក គ្រឹះយ៉ាងរឹងមាំរចនាម៉ូថស្រដៀង វិឡាកូនកាត់ និងចំណាយអស់ទឹកជាង៧ម៉ឺនដុល្លារ បូករួមទាំងទ្រព្តសម្បត្តិសម្ភារផ្សេងៗនៅក្នុងផ្ទះ ជាច្រើនសរុបជាង២០ម៉ឺនដុល្លារ ត្រូវរងការបំផ្លិចបំផ្លាញទាំងស្រុង ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ដោយបានស្រុតចុះបាក់ចូលទៅក្នុង ទឹកភ្លាមៗ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស ដោយសារតែមានអ្នកក្បែរជិតខាងគ្នា បានដឹកដីខ្សាច់មកចាក់បំពេញដីក្បែរនោះ ទើបបណ្តាលឱ្យកាច់ជើងសរសរ បាក់ចូលទៅក្នុងទឹកលិចជិតដល់ដំបូលផ្ទះ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នាំគ្នាមកចោមរោមមើលយ៉ាងច្រើនកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅចំណុចផ្ទះលេខ៤៥(ភោជនីយដ្ឋានបឹងសំរោង) តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
បន្ទាប់ពី កើតហេតុបាន១ថ្ងៃ ក្រុមគ្រួសារជនរងគ្រោះជាម្ចាស់ ហាងបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីប្តឹងម្ចាស់ដីទាមទារសំណងខូចខាតចំនួន២៥ម៉ឺនដុល្លារ ខណៈអ្នកម៉ៅការចាក់ដីឈ្មោះ ហួន លាងសែ បានដាក់មេប្រូចបាត់ ស្រមោល។
នៅថ្ងៃកើតហេតុនោះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចុះអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកើតហេតុ និងបញ្ជាឱ្យយកគ្រឿងចក្ររបស់អ្នកបង្កមករក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នាជាមួយក្រុមគ្រួសារជនរងគ្រោះ៕