(កំពង់ចាម)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជឹម សៀត ហៅ ប៉ុក ដែលត្រូវជាញោមស្រី ឬមាតាបង្កើតរបស់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នៅថ្ងៃសៅរ៍ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ វេលាម៉ោង ១១៖២៩ នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៧២ឆ្នាំ។

បើយោងតាមការបញ្ជាក់របស់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, បានឱ្យដឹងទៀតថា សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជឹម សៀត ហៅប៉ុក ត្រូវបានតម្គល់នៅ ភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ តាមប្រពៃណីព្រះពុទ្ធសាសនា៕