(ភ្នំពេញ)៖ អគ្គលេខាធិការសមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ បានឲ្យដឹងថា របាយការណ៍សំយោគថ្មី និងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការប្រឹក្សា គម្រោងនៃគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបានចេញផ្សាយកាលពី ថ្ងៃសុក្រនោះ គឺជាការចំអកចំពោះរបាយការណ៍ របស់សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ កាលពីដើមខែមុន ដែលផ្ដល់ចំណាត់ថ្នាក់ ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសទាំង១០ ដែលអន់បំផុតខាងការគោរពសិទ្ធិការងារ។
លោក ខេន លូ បានថ្លែងថា៖ វិស័យកាត់ដេររបស់កម្ពុជា ត្រូវបានកោតសរសើ ដោយអ្នកជំនាញថា ជានិយាមការមួយសម្រាប់បទដ្ឋាន ការងារ។ កម្ពុជាជាប្រទេសដំបូងគេ ដែលអនុវត្តគោលនយោបាយ ពាណិជ្ជកម្មទាក់ទិនពលកម្ម ជាមួយនឹងសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០១មកម្លេះ។ រាជរដ្ឋាភិបាល និយោជក និងសហជីព បានសហការជាមួយនឹង ILO តាមរយៈគម្រោងរោងចក្រកាន់តែប្រសើរតាំងពីឆ្នាំ ២០០១ ហើយការងារនេះ បានទទួលជោគជ័យ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ កម្មវិធីថ្មីរបស់ ILO ដែលមានឈ្មោះថា ការងារកាន់តែប្រសើរ ដែលទើបចាប់អនុវត្តកាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាប្រទេសផ្សេងទៀត ដូចជា ហៃទី ហ្សកដង់ ឡេសូថូ (Lesotho) ឥណ្ឌូនេស៊ី វៀតណាម នីការ៉ាហ្គ័រ និងបង់ក្លាដែស គឺយកគំរូតាមគម្រោង ILO-BFC របស់កម្ពុជា។ ពោលគឺ កម្មវិធីការងារ កាន់តែប្រសើរ គឺជាផលិតផលនាំចេញរបស់ ILO-BFC របស់កម្ពុជា ។
លោក ខេន លូ បានថ្លែងថា៖ «ក្នុងនាមជាអ្នកផលិត យើងដឹងច្បាស់ជាងអ្នកដទៃត្រង់ថា កម្មករជំនាញ និងត្រូវបាន ផ្ដល់សិទ្ធិអំណាចគឺជាកម្មករដែលមានផលិតភាព។ ដូច្នេះ វាជាគុណសម្បត្តិរបស់យើង ក្នុងការសហការជាមួយនឹង ក្រុមកម្មករនិងអង្គការនានាដូចជា ILO ជាដើម ដើម្បីបន្តគាំទ្រដល់កម្មករ និងជួយពួកគាត់ក្នុងការបង្កើនជំនាញក៏ដូចជា ជីវភាពរស់នៅរបស់ពួកគាត់»។
លោកបានបន្តថា៖ «វាជារឿងអាម៉ាសមួយ ដែលការងារនេះកម្រត្រូវបានទទួលស្គាល់ ដោយស្ថាប័នដែលស្ថិតនៅ ខាងក្រៅវិស័យនេះ ហើយអង្គភាពមួយចំនួនដូចជា សហព័ន្ធសហជីពពាណិជ្ចកម្មអន្តរជាតិជាដើម បែរជារិះគន់ ធ្ងន់ធ្ងន់មកលើយើងបើទោះបីជាពួកគេ មិនមាន មនុស្សធ្វើការដោយផ្ទាល់ ឬមិនបានព្យាយាមទាក់ទង មកយើងដើម្បីស្វែងយល់ឲ្យបានច្រើន អំពីបរិយាកាសការងារ ។ ប្រសិនបើចំណាត់ថ្នាក់របស់ពួកគេ ចំពោះកម្ពុជាជារឿងពិតមែននោះ នោះ ILO-BFC ដែលនឹងអបអរខួប១៥ ឆ្នាំរបស់ខ្លួន មិនសមនឹងមានវត្តមាននៅទីនេះឡើយ»។
លោក ខេន លូ បានសម្គាល់ឃើញថា កម្ពុជាត្រូវបានចាត់ថ្នាក់ទាបជាលើកដំបូង ហើយថា នេះប្រហែលជាមកពីច្បាប់សហជីព ដែលទើបអនុម័តថ្មីរបស់រដ្ឋាភិបាល ដែលច្បាប់នេះ ជាឧបករណ៍សំខាន់ ក្នុងការពង្រឹងសហជីព បើទោះបីជាមានការរិះគន់ ដោយអយុត្តិធម៌ មិនចេះចប់ក្តី ។
លោក ខេន លូ បានបន្តទៀតថា៖ កម្សោយខាងរចនាមសម្ព័ន្ធ ជាយូរមកហើយនៅក្នុងវិស័យកាត់ដេររបស់កម្ពុជា គឺការរីកសាយភាយ នៃចំនួនសហជីព រាប់បញ្ចូលទាំងសហជីពតូចៗច្រើន លើសលុប ដែលត្រូវបានបង្កើតឡើងដើម្បីឆាឆៅ និងកេងប្រវ័ញ្ចពីកម្មករ ដែលខិតខំរកប្រាក់ចំណូលទាំងលំបាកនោះ ។
លោកថា ៖ សហជីពទាំងនេះនឹង រារាំងសហជីពសំខាន់ៗមិនឲ្យទទួល បានការចូលរួមគ្រប់គ្រាន់ ដែលចាំបាច់ដើម្បីអាចចរចាដោយ សុច្ចរិតភាព ហើយពេលខ្លះថែមទាំងព្យាយាម គំរាមធ្វើកូដកម្មដើម្បីគំរាមនិយោជក ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ ច្បាប់សហជីបថ្មី គឺជាឧបករណ៍សំខាន់ដើម្បីធានាថា សហជីពមានភាពរឹងមាំ និងមានភាពស្របច្បាប់ ហើយយកចិត្តទុកដាក់ លើផលប្រយោជន៍កម្មករជាធំ ។
លោក ខេន លូ បានថ្លែងថា៖ «ប្រសិនបើសហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិចុះមកជួបយើង និងសហជីពសំខាន់ៗ ប្រហែលជាពួកគេអាចនឹងចាត់ថ្នាក់កម្ពុជាបានត្រឹមត្រូវ គឺនៅជិតនឹងកំពូលតារាង»។
លោកបានថ្លែងថា៖ «ខ្ញុំស្វាគមន៍ចំពោះរបាយការណ៍កាលពីថ្ងៃសុក្រ ពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបង្ហាញថា និយោជក កម្មករ និងរដ្ឋាភិបាលបន្តធ្វើការរួមគ្នា ដើម្បីធានាដល់បទដ្ឋានការងាររឹងមាំនិងលើកកម្ពស់ឧស្សាហកម្ម ដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។
លោកបានបន្តទៀតថា៖ «ILO កំពុងគាំទ្រដល់យើងខ្ញុំក្នុងកិច្ចការងារនេះ ។ នៅក្នុងរបាយការណ៍របស់ខ្លួន ILO កំណត់សម្គាល់ថា ទាក់ទិននឹងបទដ្ឋានស្នូលការងារ គឺមាន ចំណុចអនុលោមតាមច្បាប់ជាច្រើន ដែលមានភាពមិនអនុលោមតាមច្បាប់តិចតួចប៉ុណ្នោះ» ។
លោកថា៖ «បើទោះបីជាសហព័ន្ធសហជីពពាណិជ្ជកម្មពិភពលោកគួរទទួលបានការគោរពក្តី ប៉ុន្តែវាគួរតែ ILO-BFC ដែលសារព័ត៌មាន និងសាធារណជនគួរស្ដាប់»៕