(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាល សហការជាមួយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង១០០០អង្គ-នាក់ បានបើកយុទ្ធនាការចុះសំអាតបរិស្ថាន នៅតាមដងផ្លូវចាប់ពីចំណុចសាលាក្រហម ដល់សាលាឃុំសំរោង នៃស្រុកអូរជ្រៅ ដើម្បីចូលរួមលើកកម្ពស់ និងបង្កើនសោភ័ណភាពកាន់តែមានការទាក់ទាញ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា «យើងទាំងអស់គ្នា បានកាប់មែកឈើដែល បានដុះគ្របមកលើផ្លូវ ឲ្យវាស្រឡះ កុំឲ្យពេលមានភ្លៀងធ្លាក់មកដក់ទឹក នាំឲ្យមានភក់ជ្រាំ ពីព្រោះតែគ្មានពន្លឺថ្ងៃបុកចូល ហើយកាយទឹកហូរចុះពីលើផ្លូវ»។
លោកស្នងការ នៅក្នុងឱកាសនោះ ក៏បាននាំយកប្រេងកូឡាប្រមាណ៥០០ដបទៅចែកជូន ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ព្រមទាំងទឹកបរិសុទ្ធប្រមាណ១៥០០ដប។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ នឹងផ្តល់ថវិកាដើម្បីចាក់ដីក្រាលគ្រួសក្រហមលើផ្លូវមួយខ្សែនេះ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕