(ភ្នំពេញ)៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រតិបត្តិតាមការចង្អុលណែនាំពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត ឬ A.M.T) លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អ.ម.ត ចិន) បាននិងកំពុងដឹកនាំក្រុមការងារ អ.ម.ត ចិន បំពេញបេសកកម្មការងារលើកដំបូង នៅសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីក្រុមការងារនេះត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេច ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

បេសកកម្មនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្នុងបំណងស្វែងយល់អំពីស្ថានភាពសិក្សា និងការរស់នៅរបស់និស្សិត អ.ម.ត ព្រមទាំងដើម្បីពង្រឹង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។

ក្នុងដំណើរបេសកកម្មដ៏មានសារៈសំខាន់នេះ គណៈប្រតិភូ អ.ម.ត ចិន ទាំង២៣រូប នឹងបំពេញការងារនៅ ខេត្តជឺជាំង ខេត្តអានហ៊ួយ ទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង ដោយក្នុងនោះ នឹងមានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគ្រឹះស្ថានឧត្តមសិក្សា មន្ទីរអប់រំខេត្ត-ក្រុង និង វិស័យឯកជនចិនផ្សេងៗ។

ដោយថ្នាក់ដឹកនាំកម្ពុជា-ចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដូច្នេះ ក្នុងន័យនេះ បេសកកម្មត្រូវបានរំពឹងទុកថានឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរ វប្បធម៌ សំដៅបំពេញបន្ថែមការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ចិន ឲ្យកាន់តែមានភាពរឹងមាំ ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការត្បូងពេជ្រ៕