(តេហេរ៉ង់)៖ មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៉ីរ៉ង់លោក Ayatollah Ali Khamenei បានធ្វើការរិះគន់ទៅលើ បណ្តាប្រទេសលោកខាងលិច ដែលកំពុងធ្វើការដឹកនាំដោយអសមត្ថភាព ជាហេតុដែលបានបង្កនិងបង្កើនអំពើភេរវកម្ម ចំពោះក្រុមជនម៉ូស្លីមនៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។
លោក Ayatollah Ali Khamenei បានថ្លែងក្នុងពិធី Eid al-Fitr នៃសាសនាអ៊ីស្លាមក្នុងរដ្ឋធានី តេហេរ៉ង់ ថា «ជាអកុសល្យ ពិធី Eid al-Fitr របស់បណ្តាប្រទេសម៉ូស្លីមនៅឆ្នាំនេះ បែរជាក្លាយជាពិធីកាន់ទុក្ខដោយសារតែ ការវាយប្រហារសម្លាប់មនុស្ស ដោយពួកភេរវករទៅវិញ ដែលពួកគេព្យាយាមបំភ្លៃការពិតថាខ្លួនឯង ជាពួកអ៊ីស្លាម ដែលធ្វើការវាយប្រហារលើ ក្រុមអ៉ីស្លាម។ ឧក្រិដ្ឋកម្មរបៀបៗនេះ ជាលទ្ធផលនៃការអុជអាល របស់ក្រុមស៊ើបអង្កេត សម្ងាត់នានារបស់សហរដ្ឋអាមេរិក, អ៉ីស្រាអែល និងអង់គ្លេស នោះឯង»។
មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ ក៏បានព្រមានផងដែរថា អ្នកដែលជាដើមហេតុដែលបង្កឲ្យមានអំពើភេរវកម្មនោះ ក៏នឹង គេចមិនផុតពីអំពើភេរវកម្មដូចគ្នានោះដែរ៕