(ម៉ូស្គូ)៖ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី និងគណៈគ្រប់គ្រង FIFA បានចេញសេចក្តីប្រកាសលើកដំបូង អំពីតម្លៃសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ World Cup 2018 នៅប្រទេសរុស្ស៊ីជាផ្លូវការហើយ ដោយសំបុត្រថ្លៃមាន រហូតដល់ទៅ ១,១០០ដុល្លារ។
អគ្គលេខាធិការ FIFA លោក Fatma Samoura បានថ្លែងប្រាប់សារព័ត៌មាន BBC ថា «សំបុត្រសម្រាប់ទស្សនា World Cup 2018 នឹងត្រូវបានដាក់លក់ ចាប់ពីរដូវក្តៅខាងមុខតទៅ ពោលគឺឆ្នាំក្រោយនេះតែម្តង ដែលសំបុត្រថ្លៃបំផុតមានរហូតដល់ទៅ ១១០០ដុល្លារអាមេរិក និងសំបុត្រចូលទស្សនាជុំដំបូង (ជម្រុះក្នុងពូល) មានតម្លៃចាប់ពី ១០៥ដុល្លារឡើងទៅ ដែលមានការកើនឡើង១៦% ប្រើប្រៀបធៀបតម្លៃសំបុត្រទស្សនា World Cup 2014 នៅប្រេស៊ីល»។
អគ្គលេខាធិការខាងលើដដែលបានបន្តថា យើងចង់ឲ្យប្រាកដថាតើតម្លៃសំបុត្រ ចូលរួមទស្សនាព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ អាចទទួលយកបាន ឬយ៉ាងណា ហើយមានអ្នកទិញចូលមើលផ្ទាល់បានច្រើនអត់ ហើយវាមានតុល្យភាពគ្នា ទៅនឹងទីផ្សារ ដែរឬយ៉ាងណាខ្លះ?
សូមបញ្ជាក់ផងដែរថា តម្លៃសំបុត្រចូលទស្សនា World Cup 2018 លើកទី១ នៅប្រទេសរុស្ស៊ី ចន្លោះចាប់ពី ១០៥ដុល្លារ ៤៥៥ដុល្លារ និង ៧១០ដុល្លារ និងវគ្គផ្តាច់ព្រ័ត្រវិញនោះ មានរហូតដល់ទៅ ១១០០ដុល្លារអាមេរិក ដែលធ្វើឡើងនៅទីក្រុងធំ Moscow របស់រុស្ស៊ីផ្ទាល់តែម្តង ថ្លែងជាង World Cup 2014 នៅប្រេស៊ីល វគ្គផ្តាច់ព្រ័ត្រ ថ្លៃបំផុតតែ ៩៩០ដុល្លារ និងទាបបំផុត៣៥ដុល្លារតែប៉ុណ្ណោះ តែសម្រាប់អ្នកគាំទ្រប្រទេសជាម្ចាស់ផ្ទះ ត្រូវបានលក់ក្នុង តម្លៃពិសេស Discount មានរហូតដល់ទៅ៥០ភាគរយ។
ទន្ទឹមគ្នានោះដែរ សហព័ន្ធទាំង ៦ប្រចាំទ្វីបនីមួយៗ បានធ្វើការប្រកួតជម្រុះខ្លះៗហើយមានដូចជា OFC (តំបន់អូសេអានី), CAF (តំបន់អាហ្វ្រិក), CONCACAF (អាមេរិកខាងជើង), CONMEBOL (អាមេរិកខាងត្បូង) និង AFC (តំបន់អាស៊ី) នៅឡើយតែទ្វីបអឺរ៉ុប UEFA ចាប់ផ្តើមប្រកួតជម្រុះជុំដំបូងខែកញ្ញា ឆ្នាំ២០១៦ ដោយសារតែជាប់ រវល់ប្រកួតពាន Euro 2016 នៅប្រទេសបារាំង។
កម្ពុជា បានជ្រុះចេញពីវគ្គជម្រុះ World Cup 2018 ក្នុងជុំទី២ នៃពូល E ប្រចាំទ្វីបអាស៊ី ដោយលេង៨ប្រកួតចាញ់រហូត និងស៊ុតបញ្ចូលទីគេបានតែ១គ្រាប់ប៉ុណ្ណោះ ពេលចាញ់សិង្ហបុរី ២-១ ក្រៅពីរបូត ២៧គ្រាប់៕