(បាត់ដំបង)៖ កម្លាំងកងអាវុធហត្ថ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ស្ថិតក្នុងចំណុចភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី។

លោក ឡាច វ៉ាន់ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សួង ចាន់ អាយុ៣៦ឆ្នាំ បានយកកាំបិតប៉័ងតោ ទៅកាប់សំដៅទៅលើឈ្មោះ ប្រាក់ ព្រឿន ភេទប្រុស អាយុ៤៥ឆ្នាំច្រើនកាំបិត ចំមុខ និងចំខ្នង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

លោក ឡាច វ៉ាន់ បានបញ្ជាក់ថា មូលហេតុកើតអំពើហឹង្សានេះ ព្រោះជនសង្ស័យខឹងនឹងអ្នកជិតខាង ហើយបានយកកាំបិតមកកាន់ ឃើញសភាពមិនស្រួលជនរងគ្រោះ បានសុំយកកាំបិតទៅទុក តែជនសង្ស័យមិនឲ្យ ហើយដណ្តើមគ្នា ស្រាប់តែពេលនោះជនសង្ស័យបានកាប់ ទៅលើជនរងគ្រោះតែម្តង។ ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថ ស្រុកមោងឬស្សី បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក និងចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕