Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន FBI លើកលែងការចោទប្រកាន់លើបណ្តឹងរឿងប្រើប្រាស់ Email របស់លោកស្រី ហ៊ីលឡារី គ្លីនតុន

06-07-2016 14:41

(វ៉ាស៊ីនតោន)៖ ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI លោក ​​James Comey បានប្រកាសថា នឹងមិនមានការចោទប្រកាន់ តាមពាក្យបណ្តឹងទៅលើការប្រើប្រាស់សារអេឡិចត្រូនិក (Email) ឯកជនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នោះឡើយ ខណៈដែលបេក្ខភាពប្រធានាធិបតីអាមេរិក តំណាងគណបក្សប្រជាធិបតេយ្យរូបនេះ បានបង្ហាញខ្លួនក្នុងយុទ្ធនាការ ទាក់ទាញសំឡេងឆ្នោតជាលើកដំបូងជាមួយនឹងប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយ ដោយ Channel News Asia នារសៀលថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦។

ប៉ុន្តែសម្រាប់អ្វីដែលទីភ្នាក់ងារ FBI បានរកឃើញថាលោកស្រី គ្លីនតុន «ពិតជាធ្វេសប្រហែសខ្លាំង» នៅក្នុងការបញ្ជូនព័ត៌មានសំខាន់ៗតាមរយៈអ៊ីម៉ែលផ្ទាល់ខ្លួនរបស់លោកស្រីនោះ វាស្ថិតនៅឆ្ងាយពីការរំពឹងទុកដែល លោកស្រី នឹងត្រូវទទួលរងការចោទប្រកាន់ ខណៈដែលអតីតរដ្ឋមន្ត្រីការបរទេសរូបនេះ បានជម្នះរួចទៅហើយទៅលើ គូប្រកួតប្រជែងក្នុងគណបក្សដូចគ្នា និងត្រៀមឡើងទៅប្រកួតក្នុងវគ្គបញ្ចប់ជាមួយនឹងលោក ដូណាល់ ត្រាំភ៍ ដែលតែងតែ តាមចាប់កំហុសគ្នាទៅវិញទៅមក មិនឲ្យខ្វះមួយជំហាននោះ។

គួរបញ្ជាក់ថាលោកស្រី គ្លីនតុន និងលោក អូបាម៉ា បានមកដល់ទីក្រុង Charlotte នៃរដ្ឋ North Carolina តាមជើង ហោះហើរ Air Force One ពិសេសជាមួយគ្នា ដែលវាជាការបង្ហាញអំពីការផ្សាភ្ជាប់ដំបូងរវាងប្រធានាធិបតីកំពុងកាន់ អំណាច និងអនាគតអ្នកដែលអាចនឹងឡើងកាន់តំណែងជាប្រធានាធិបតី ចំពោះមុខអ្នកគាំទ្រនានា ដែលនឹងធ្វើការ បោះឆ្នោតចុងក្រោយនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ការជួបជុំនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីប្រធាន FBI ប្រកាសថា ព្រះរាជ្ញាអាជ្ញាមកពីក្រសួងយុត្តិធម៌ នឹងមិនធ្វើការចោទប្រកាន់បទព្រហ្មទណ្ឌទៅលើការស៊ើប អង្កេតករណី អ៊ីម៉ែល របស់លោកស្រី គ្លីនតុន នោះទេ៕